សហរដ្ឋអាមេរិក ៖ ស្រីស្រអែមស្រស់ ឈីន រតនៈ បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលនាងបានជួបដោយផ្ទាល់ តារាចម្រៀងរៀមច្បង មាស សុម៉ាលី ម្ចាស់បទ «រាត្រីឡុងប៊ិច» ដែលកំពុងរស់នៅអាមេរិក ហើយនាងត្រូវអ្នកស្រី រៀបចំសម្លៀកបំពាក់ប្រពៃណីខ្មែរឲ្យនាងច្រៀងសម្ដែង នៅទីនោះទៀតផង។ រតនៈ ថាមុនបានជួបអ្នកស្រី មាស សុម៉ាលី នាងប៉ងចង់ច្រៀងបទល្បីរបស់គាត់ «រាត្រីឡុងប៊ិច» ពេលនាងច្រៀងសម្ដែងនៅទី នោះ ប៉ុន្ដែលើសពីការស្មាន ព្រោះនាងមិនត្រឹមតែច្រៀងបទគាត់ទេ តែថែមទាំងបានជួបផ្ទាល់ ហើយត្រូវរៀម ច្បង ជួយផ្គត់ផ្គង់សម្លៀកបំពាក់ខ្មែរ ឲ្យពេលនាងឡើងច្រៀងសម្ដែងទៀតផង។ ប៉ុន្ដែអ្វីដែលនាងខកចិត្តនោះ គឺពេលនាងស្លៀកសម្លៀកបំពាក់ខ្មែរ ច្រៀងបទ «កង្រី» ស្រាប់តែមានជនជ្រុលនិយមសៀម មួយចំនួន តាមខម្មិនរិះគន់នាងទៅវិញ ។

រតនៈ ចាត់ទុកថាទង្វើររបស់សៀម ទាំងនោះ ប្រៀបដូចជាឆ្កែតាមខាំ ហេតុនេះហើយទោះជានាងកំពុងនៅ អាមេរិក តែនាងបានសុំឲ្យ Fan ជួយជេរពួកដែលនាងចាត់ទុកថាជាចោរសៀមថោកទាំងនោះផង ព្រោះនាងថា មើលទៅក្រុមនោះ ហាក់ដូចជាឈឺចាប់ណាស់ ពេលឃើញនាងច្រៀងនៅអាមេរិក។


គួរបញ្ជាក់ថា ឈីន រតនៈ បានដឹកដៃ Dj នេន ទុំ និងតារាបង្ហាញម៉ូដ កញ្ញា កុយ អេនណា ទៅច្រៀងសម្ដែងនៅអាមេរិក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ តាមរយៈប្រធានសមាគមរដ្ឋ North Carolina ដែលតាមគម្រោង ពួកគេត្រូវច្រៀងសម្ដែងរយៈពេល ១ខែកន្លះទើបវិលមកស្រុកវិញ នាអំឡុងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ។ រយៈពេលជាង ១ខែ រតនៈ បានដើរកម្សាន្ដនៅតំបន់ទេសចរណ៍ល្បីៗរបស់អាមេរិក មានដូចជា Hollywood, Las Vegas, Newport Beach, Treasure Island Beach, តំបន់ធ្លាក់ព្រិល និង New York City ជាដើម ហើយរតនៈ ថានាងមានមោទនភាព ព្រោះគ្រាន់តែជាក្មេងស្រីធម្មតាម្នាក់ តែអាចបំពេញក្ដីស្រមៃឲ្យខ្លួនឯងបាន ។ តារាហង្សមាសរូបនេះ ត្រូវបានអ្នករៀបចំកម្មវិធី តម្រូវឲ្យនាង ពេលខ្លះច្រៀងសម្ដែងជាមួយនេន ទុំ និងជូនកាលច្រៀងជាមួយកុយ អេនណា ហើយ រតនៈ បានចេញសម្ដែងជាបន្ដបន្ទាប់ តាមរដ្ឋនិងទីក្រុងមួយចំនួន ដូចជា Stockton, San Francisco, Freshno , Lowell, Florida, Long Beach, Seattle, California, Modesto, Philly, Texas, Modesto និងការត្រៀមសម្ដែងរបស់នាងចុងក្រោយ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅរដ្ឋ Texas មុនវិលត្រឡប់មកស្រុកខ្មែរវិញ ។

តាមរយៈការច្រៀងសម្ដែងជាច្រើនរដ្ឋនោះ គេឃើញឈីន រតនៈ អាចច្រៀងបានជាច្រើនទម្រង់ ពិសេសអា ណិកជនខ្មែរ នៅទីនោះ ពេញចិត្តរតនៈ ខ្លាំង ពេលនាងច្រៀងបទមរតកដើម បានយ៉ាងពីរោះ ។ ប៉ុន្ដែក្រៅពីមានអ្នកគាំទ្រធម្មតានោះ គេមិនឃើញ រតនៈ ស្និទ្ធស្នាល ឬទទួលបានកាដូពិសេសពីបុរសអាណិកជនខ្មែរណា នៅទីនោះទេ ហើយនាងក៏មិនពន្យារពេលវិលវិញដែរ ពោលគឺច្រៀងចប់តាមគម្រោង នឹងហោះមកស្រុកវិញភ្លាម ។

មានការកត់សម្គាល់ថា ឈីន រតនៈ បានទៅច្រៀងសម្ដែងនៅអាមេរិក ជាលើកទី១ អ្វីដែលនាងជួបផលវិបាកនោះ គឺស្រីស្រស់ ជិះយន្ដហោះពីរដ្ឋមួយ ទៅរដ្ឋមួយ យូរម៉ោងពេក នាំឲ្យនាងពុលយន្ដហោះ ហិតប្រេងកូឡា ជាប្រចាំ ទើបអាចទប់ជាប់។ រតនៈ ថាពេលមកដល់ស្រុកវិញ នាចុងខែឧសភា នេះ នាងមិនដឹងថា ពេលណាទើបបានទៅអាមេរិក ជាថ្មីទេ ប៉ុន្ដែអំឡុងពេលនៅទឹកដីដុល្លារនោះ ពេលខ្លះនាងបែរជាមានអារម្មណ៍ថា ឃ្លាន ខ្ចៅស្ងោរ ហើយមិនដឹងជាទៅរកញ៉ាំកន្លែងណា បានស្រួលដូចនៅស្រុកខ្មែរ ។

ឈីន រតនៈ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ បានច្រៀងឲ្យហង្សមាស១០ឆ្នាំ និងលេចធ្លោគួរសម ពិសេសការច្រៀង Cover បទរៀមច្បង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ , ឆន សុវណ្ណារាជ និងឆាយ វីរៈយុទ្ធ ជាដើម ទទួលបានការគាំទ្រច្រើន ។ តារាវ័យ៣០ឆ្នាំ រូបនេះមិ នធ្លាប់មានរឿងអាស្រូវស្នេហាទេ ប៉ុន្ដែកន្លងមក គេឃើញនាងនិងតារារួមទ្រនំ លោកគង់ ចំរើន មានភាពស្និទ្ធស្នាលគ្នាលើសពីធម្មតា រហូត Fan ខ្លះជំរុញឲ្យពួកគេប្រកាសស្នេហ៍ពិតទៀតផង តែ រតនៈ មិនទាន់សារភាពរឿងស្នេហានេះទេ៕