ខេត្តមណ្ឌលគិរី ៖ យុវតី យ៉ុង ស្រីនីត ដែលបានទទួលមរណភាពទាំងវ័យក្មេង (អាយុ១៧ឆ្នាំ) ដោយជំងឺសួត និងបេះដូង ក្រោយសម្រាលកូនបានជិត ២ខែ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងអាណិតអាសូរជាខ្លាំង ខណៈដែលស្ត្រីជាម្តាយ បានឲ្យដឹងថា មុនលាចាកលោកទៅ ស្រីនីត បានសុំគេងកើយដៃម្តាយ និងផ្តាំម្តាយ ឱ្យជួយមើលថែកូនជាទីស្រលាញ់របស់នាងផង។

តាមសម្តីស្ត្រីជាម្តាយយុវតី យ៉ុង ស្រីនីត បានរៀបរាប់ទាំងទឹកភ្នែកថា ស្រីនីត គឺជាកូនច្បង ក្នុងចំណោមបងប្អូន ៧នាក់ ហើយនាងគឺជាកូនដែលអភ័ព្វ និងលំបាកជាងគេ ព្រោះតែជីវភាពគ្រួសាររបស់គាត់ មានការខ្វះខាត ទើបកូនស្រីម្នាក់នេះ មិនបានចូលសាលារៀនសូត្រនឹងគេទេ ហើយថែមទាំងត្រូវប្រើកម្លាំង ជួយធ្វើការរកស៊ី ចិញ្ចឹមគ្រួសារ និងប្អូនៗ ដល់ទៅ៦នាក់ទៀតផង។ តាំងពីតូចមក ស្រីនីត ជាក្មេងល្អម្នាក់ ស្រលាញ់បងប្អូន និងក្រុមគ្រួសារខ្លាំងណាស់ មិនធ្លាប់បង្កការលំបាក ឬធ្វើឱ្យពួកគាត់ជាឪពុកម្តាយពិបាកចិត្តម្តងណាឡើយ។
ស្ត្រីជាម្តាយ បន្តថា ស្រីនីត បានត្រឡប់មកពីភ្នំពេញ មករស់នៅស្រុកកំណើតវិញ រយៈពេលប្រមាណ ២-៣ឆ្នាំមកហើយ លុះក្រោយមក អំឡុងឆ្នាំ២០២៥ នាងបានរៀបការ រួចក៏បង្កើតបានកូនម្នាក់ អាយុទើបនឹងជិត ២ខែ ប៉ុណ្ណោះ។ ក្រោយពេលរៀបការរួច ស្រីនីត បានកើតមានអាការហត់ និងថប់ដង្ហើម រហូតចូលសម្រាកនៅមន្ទីរពេទ្យម្តង ដោយពេលនោះ គ្រូពេទ្យបានពិនិត្យឃើញថា នាងមានជំងឺសួត និងបេះដូង ដែលមូលហេតុផ្តើមចេ ញពីបញ្ហាថប់អារម្មណ៍ ខណៈដែលនាងគិតច្រើន។ ដោយឮគ្រូពេទ្យប្រាប់ពីអាការជំងឺបែបនេះ ទើបគាត់ជា ម្តាយ បាននិយាយជាមួយកូនស្រីដែរថា បើសុខភាពមិនល្អទេ កូនកុំទាន់យកកូនអី ការពារសិនទៅ ចាំមើលសុខភាពល្អ ចាំយកក៏បាន ព្រោះកូនក៏នៅវ័យក្មេងណាស់ដែរ។ ប៉ុន្តែក្រោយពេលចេញពីមន្ទីរពេទ្យ ស្រីនីត ក៏ប្រាប់គាត់ជាម្តាយថា សុខភាពនាងមិនអីទេ ល្អឡើងវិញហើយ នាងអាចយកកូនបាន។ លុះក្រោយមក បានមួយរយៈ នាងក៏ចាប់ផ្តើមមានផ្ទៃពោះ ហើយតាំងពីអំឡុងពេលមានផ្ទៃពោះមក សុខភាពនាងក៏មិនដែលធ្វើទុក្ខអ្វីទៀតដែរ រហូតដល់ក្រោយពេលសម្រាលកូនរួច ទើបចាប់ផ្តើមធ្វើទុក្ខ និងខ្លាំងតែម្តង។

ម្តាយស្រីនីត បានឱ្យដឹងទៀតថា ក្រោយពេលសម្រាលកូនរួច មិនបានប៉ុន្មានផង ស្រីនីត ក៏ចាប់ផ្តើមហត់ ដង្ហក់ និងត្រូវបានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយទើបនឹងព្យាបាលជា បានតែកន្លះខែប៉ុណ្ណោះ ស្រាប់ តែមកដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ អាការជំងឺ បានធ្វើទុក្ខឡើងវិញ សាជាថ្មី លុះពេលគាត់បញ្ជូនកូនស្រី ទៅដល់មន្ទីរពេទ្យខេត្ត គ្រូពេទ្យ បានផ្តល់យោបល់ឱ្យគាត់បញ្ជូនកូនស្រី ទៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ ព្រោះមានឧបករណ៍ទំនើបគ្រប់គ្រាន់ សម្រាប់សង្គ្រោះនិងព្យាបាល តែគាត់បានប្រាប់ទៅលោកគ្រូពេទ្យវិញថា គាត់មិនមានលទ្ធភាពបញ្ជូនកូនស្រីទៅពេទ្យធំទេ ព្រោះជីវភាពទីទ័លក្រណាស់ ទើបគ្រូពេទ្យ សម្រេចជួយព្យាបាលស្រីនិត បន្ត នៅមន្ទីរពេទ្យខេត្ត។ លុះស្ថានភាពជំងឺកូនស្រីកាន់តែធ្ងន់ឡើង ទើបគាត់ជាម្តាយ បានសុំយោបល់ពីលោកគ្រូពេទ្យ ដើម្បីស្នើសុំជំនួយពីសប្បុរសជន ក្រែងមានលទ្ធភាពបញ្ជូនកូនស្រីទៅសង្គ្រោះនៅភ្នំពេញ ហើយគ្រូពេទ្យ ក៏បានឯកភាព និងថែមទាំងជួយទាក់ទងរកជំនួយឱ្យទៀតផង តែអកុសល កូនស្រីគាត់ បានផុតជីវិតទៅហើយ។
ស្ត្រីជាម្តាយរបស់ស្រីនីត បានបញ្ជាក់ថា កូនស្រីគាត់ (យ៉ុង ស្រីនីត) បានបាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ នៅវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ខណៈដែលគាត់ជាម្តាយ និងលោកគ្រូពេទ្យ កំពុងទាក់ទងសុំអន្តរាគមន៍ និងរកជំនួយ ដើម្បីដឹកកូនស្រីទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យធំ ឯរាជធានីភ្នំពេញ។

ស្ត្រីជាម្តាយ បានបន្ថែមថា មុនលាចាកលោកទៅ កូនស្រីគាត់ ចាប់ផ្តើមធ្វើទុក្ខខ្លាំង រួចទារគាត់ឱ្យដឹកនាងត្រ ឡប់ទៅផ្ទះវិញ ដោយនិយាយថា “ម៉ែអើយ យើងទៅផ្ទះវិញទៅ កូនអត់រស់ទេ កូនអត់បាននៅជួបម៉ែទៀតទេ ម៉ែកុំខឹងកូន កុំស្អប់កូន ម៉ែស្រលាញ់កូនឬអត់?” ពេលនោះ គាត់ក៏ឆ្លើយទៅកូនស្រីវិញថា “ម៉ែស្រលាញ់កូនជាងគេទាំងអស់”។ បន្ទាប់មក កូនស្រី បានសុំកើយដៃរបស់គាត់ ហើយនៅអំឡុងពេលកើយដៃគាត់នោះ ស្រីនីត បានរៀបរាប់ផ្តែផ្តាំគាត់សព្វគ្រប់បែបយ៉ាង ហើយអ្វីដែលគាត់ស្រណោះបំផុតនោះ គឺសម្តីកូនស្រី ផ្តែផ្តាំគាត់ជាម្តាយថា “ម៉ែអើយ ជួយមើលកូនខ្ញុំផង ម៉ែយកកូនខ្ញុំមកមើលផង ខ្ញុំអត់ឱ្យម៉ែក្មេកខ្ញុំមើលទេ ហើយម៉ែជួយផ្តាំសុំទោសពុក សុំទោសយាយ សុំទោសអ៊ំ សុំទោសម៉ែកុំឱ្យខឹងកូន…”។
គួរបញ្ជាក់ថា យុវតី យ៉ុង ស្រីនីត ត្រូវបានមហាជនស្គាល់និងចាប់អារម្មណ៍ ក្រោយពីមានការបង្ហោះរូបថតរបស់នាង នៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់ ដោយសារតែនាងមានរូបសម្រស់ស្អាតបែបធម្មជាតិ ទោះបីជានាងមាន សម្បុរស្បែកខ្មៅ ប៉ុន្តែនាងមានកែវភ្នែកមុតថ្លា ទម្រង់មុខស្រស់ស្អាត ដោយមិនបាច់កែកុន ពិសេសមានស្នាមញញឹមយ៉ាងស្រស់និងទាក់ទាញ។ តាមរយៈរូបសម្រស់ដ៏ទាក់ទាញ បានធ្វើឱ្យយុវតី យ៉ុង ស្រីនីត មានឱកាសទទួលបានការងារថតប្រម៉ូតផលិតផល និងសម្អាងការ ព្រមទាំងត្រូវបានអ្នកឧកញ៉ា ស្រី ចាន់ថន ទទួលធ្វើជាកូនធម៌ ផ្តល់ឱកាសការងារ រហូតដល់សង់ផ្ទះឱ្យបានស្នាក់នៅសមរម្យទៀតផង។

ជាអកុសល យុវតីរូបស្រស់ម្នាក់នេះ បែរជាលាចាកលោកទៅ ទាំងវ័យក្មេងខ្ចី ក្នុងវ័យត្រឹមតែ១៧ឆ្នាំ ហើយអ្វីដែលធ្វើឱ្យមហាជន ក្តុកក្តួលរំជួលចិត្ត និងស្រណោះបំផុតនោះ គឺនាងទើបតែសម្រាលកូន បានជិត២ខែ ប៉ុណ្ណោះ បែរជាត្រូវតែចាកចោល លែងបានឃើញមុខកូន ជារៀងរហូត៕