Thursday, May 14, 2026
Homeតារាខ្មែរឌួង ហ្សូរីដា ខួបកំណើត៤៣ឆ្នាំ អត់ដំណឹងរៀបការប្ដី

ឌួង ហ្សូរីដា ខួបកំណើត៤៣ឆ្នាំ អត់ដំណឹងរៀបការប្ដី

ភ្នំពេញ ៖ ដូចរាល់ដងដែរ ឲ្យតែនៅថ្ងៃខួបកំណើតរបស់ខ្លួន នៅថ្ងៃទី១៣ ខែឧសភា  ពិធីការិនី ឌួង ហ្សូរីដា ត្រូវកូនចៅរបស់នាង លើកនំខេក មក Surprise នាងតែម្ដង ព្រោះបុគ្គលិកពីហាងកាហ្វេ និងហាងកាត់ដេរ របស់ហ្សូរីដា តែងតែគោរពនិងហៅនាងថា «មេ» ឬថៅកែស្រី ។ សម្រាប់ខួបកំណើតឆ្នាំនេះ ហ្សូរីដា ឈានចូលវ័យ ៤៣ឆ្នាំហើយ តែគេឃើញសម្រស់នាងនៅក្មេងជាងវ័យដដែល ហើយរយៈពេលចុងក្រោយនេះ នាងថែមទាំងស្រកគីឡូបន្ដិចទៀតផង។

កាន់នំខេក ក្នុងទឹកមុខបង្ហាញស្នាមញញឹម ហ្សូរីដា ត្រូវបានមិត្តភក្ដិអ្នករួមអាជីព និងដៃគូសហការរកស៊ីជាមួយខ្លួន ចេញសារជូនពរជាបន្ដបន្ទាប់ ក្នុងនោះក៏មានក្រុមហ៊ុនអង្ករខ្មែរប្រណិត បានធ្វើស៊ុមរូបថតថ្ងៃខួបនាង ភ្ជាប់ជាមួយសារជូនពរផងដែរ ក្រោយនាងបានធ្វើជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនមួយនេះ អស់រយៈពេល ១៥ឆ្នាំមក ។

ទោះបីជា ឌួង ហ្សូរីដា ត្រូវកូនចៅធ្វើខួបកំណើតឲ្យ សឹងតែរាល់ឆ្នាំ ប៉ុន្ដែនាងមិនដែលធ្វើពិធីជប់លៀងខួបកំ ណើត លក្ខណៈទ្រង់ទ្រាយធំទេ គឺមានតែជាការជួបជុំមិត្តភក្ដិ និងលក្ខណៈគ្រួសារប៉ុណ្ណោះ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ហ្សូរីដា មិនដែលបង្ហាញថា នៅថ្ងៃខួបកំណើតខ្លួន នាងទទួលបានកាដូពីបុរសពិសេសណាដែរ ពោលគឺមានតែប្អូនៗ មិត្តភក្ដិ និងកូនចៅរបស់នាងប៉ុណ្ណោះ ដែលយកនំខេក និងបាច់ផ្កា មកជូននាង ហើយសារភាគច្រើនដែលនាងទទួលបាន ស្រដៀងគ្នាទាំងអស់ គឺឲ្យនាងមានសម្រស់នៅតែស្អាត និងជោគជ័យក្នុងមុខជំនួញ ។

មានការចាប់អារម្មណ៍ថា ខួបកំណើតឆ្នាំនេះ ក៏ដូចជាឆ្នាំមុនដែរ ឌួង ហ្សូរីដា គ្មានដំណឹងត្រៀមខ្លួនចូលរោងការទេ បើទោះជាមិត្តរួមអាជីពរបស់នាង ដែលមានអាយុប្រហាក់ប្រហែលគ្នា និងប្រឡូកសិល្បៈជំនាន់នាង ពួកគេសុទ្ធតែមានប្ដីនិងកូនរៀងៗខ្លួនអស់ទៅហើយក្ដី ។ ប៉ុន្ដែអ្វីដែលកត់សម្គាល់ ហ្សូរីដា អាយុ៤៣ឆ្នាំ ស្មើគ្នាទៅនឹងកែវ ពេជ្រពិសី ដែរនោះ នាងមិនខ្លាចថ្ងៃខួបកំណើតរបស់ខ្លួន ព្រោះត្រូវចាស់ ១ឆ្នាំទៀត ដូចពេជ្រពិសី ឡើយ ប៉ុន្ដែនាងរីករាយ ព្រោះឃើញសារជូនពរច្រើន ពិសេសគឺ Fan របស់នាង ។

គួរបញ្ជាក់ថា ឌួង ហ្សូរីដា បានដកឃ្លាពីអាជីពសម្ដែង ជាច្រើនឆ្នាំមកហើយ ព្រោះជាប់ដៃរកស៊ីមុខរបរមួយចំ នួន ដូចជា ហាងដាណាម៉ា កាត់ដេរ ហាងកាហ្វេ និងហាង Cosmetics ជាដើម ។ ប៉ុន្ដែហ្សូរីដា នៅតែបន្ដធ្វើ MC តាមកម្មវិធីនានាដដែល ពិសេសទាក់ទងការងារសប្បុរសធម៌ និងអង្គការមួយចំនួន ។

ហ្សូរីដា បានរស់នៅកំព្រាម្ដាយ រយៈពេល ៣ឆ្នាំហើយ ក្រោយលោកស្រី យ៉ាលីន សុខលីម ទទួលមរណភាពក្នុងអាយុ៦០ឆ្នាំ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដោយជំងឺមហារីក និងទើបធ្វើបុណ្យគម្រប់ខួប ៣ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦  ។ បច្ចុប្បន្ន ហ្សូរីដា បានដើរតួនាទីជាមេគ្រួសារ និងដឹកនាំប្អូនស្រីទាំងពីរ ពង្រឹងអាជីវកម្មខ្លួន គឺប្អូនទី១ ឈ្មោះឌួង កូហ្សូណា និងប្អូនពៅ ឈ្មោះឌួង ហ្សូរីម៉ា ។ ហ្សូរីដា ប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីពេលថ្មីៗនេះថា ពេលខ្លះនាងមានអារម្មណ៍ជីវិតឥតន័យ ព្រោះពេលជីវភាពធូរធារ បែរជាអ្នកម្ដាយជាទីស្រលាញ់របស់នាង ចាកចេញទៅ។ ប៉ុន្តែនាងថា ភារកិច្ចសំខាន់ដែលត្រូវធ្វើ បន្តវេនពីម្ដាយនោះ គឺពង្រឹងហាងកាត់ដេរ ដាណាម៉ា ដែលដំណើរការជិត ២០ឆ្នាំ ជាកេរម្ដាយនាង ឲ្យទៅមុខទៀត។

 ក្រៅពីឌួង ហ្សូរីដា តារាដែលមិនទាន់ប្រញាប់រៀបការសា្វមី មានដូចជា យុគ ចិន្ដា, ឈិត សុវណ្ណបញ្ញា, នៅ សុនិតា, ឌុច លីដា  និងហេង ផាន់ណា ជាដើម ។ ចំពោះហ្សូរីដា ត្រូវបានអ្នកធ្វើការក្នុងវិស័យសិល្បៈ សរសើរនាងថា ជានារីរឹងមាំម្នាក់ ដែលគ្រួសារនាងសព្វថ្ងៃ មានសុទ្ធតែស្រីៗ ប៉ុន្ដែនាងមានហាង ៤ទៅ៥ កំពុងដំណើរការ នាំឲ្យប្អូនស្រីនាងទាំងពីរ ក្លាយជាម្ចាស់ប្រេន និងគ្រប់គ្រងអាជីវកម្មរៀងៗខ្លួន ៕

RELATED ARTICLES