Saturday, May 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ថៃ ឃាត់ខ្លួនថៃនិងខ្មែរ លួចឆ្លងដែនខុសច្បាប់

 ថៃ ឃាត់ខ្លួនថៃនិងខ្មែរ លួចឆ្លងដែនខុសច្បាប់

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរ ចំនួន៦នាក់ ទាំងកុមារម្នាក់ផង ត្រូវបានអាជ្ញាធរខេត្តច័ន្ទបុរី ប្រទេសថៃ ឃាត់ខ្លួន ដោយចោទថាបានលួចឆ្លងដែនខុសច្បាប់ ខណៈដែលពលរដ្ឋថៃ ខ្លួនឯង រាប់សិបនាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ដែរ ចូលក្នុងទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែត្រូវបានអាជ្ញាធរខេត្តស្រះកែវ នៃប្រទេសថៃ បង្ក្រាបបានទាន់ពេលវេលា។

តាមប្រភពព័ត៌មានពីមន្ត្រីព្រំដែន បានឱ្យដឹងថា ការឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៦នាក់ ដែលឆ្លងដែនខុសច្បាប់នោះ បានធ្វើឡើង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

ជុំវិញករណីនេះ ពុំទាន់មានព័ត៌មានថា តើពលរដ្ឋខ្មែរ ទាំងនោះ បានលួចឆ្លងព្រំដែន ចេញពីចំណុចណានៃទឹកដីកម្ពុជា ចេញទៅប្រទេសថៃ នោះទេ គេគ្រាន់តែដឹងថា ពលរដ្ឋខ្មែរ ទាំង៦នាក់ មានទាំងកុមារម្នាក់ផង ត្រូវបានអាជ្ញាធរខេត្តច័ន្ទបុរី ឃាត់ខ្លួន បន្ទាប់ពីពួកគេបានឆ្លងចូលដល់ទឹកដីថៃ។

ដោយឡែកប្រភពមួយផ្សេងទៀត បានឱ្យដឹងថា កម្លាំងយោធាថៃ ប្រចាំតំបន់ព្រំដែន ក្នុងខេត្តស្រះកែវ បានឃាត់ខ្លួន (ទប់ស្កាត់) ពលរដ្ឋរបស់ខ្លួន ជាច្រើននាក់ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដែលបម្រុងឆ្លងដែនខុសច្បាប់ ដែរចូលលមកកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមពលរដ្ឋថៃ ទាំងនោះ បើតាមគេដឹង ក្រុមនោះសុទ្ធសឹងជាក្រុមធ្លាប់បម្រើការល្បែងអនឡាញ នៅក្រុងប៉ោយប៉ែត។ ប៉ុន្តែយ៉ាងណា ក្រុមពលរដ្ឋថៃ ទាំងនោះ ត្រូវបានកម្លាំងទាហានថៃ ទប់ស្កាត់បានទាន់ពេលវេលា មុនពេលឆ្លងអូរព្រំដែន។

ដោយឡែកប្រជាពលរដ្ឋខ្មែរ ចំនួន៦នាក់ ដែលអាជ្ញាធរខេត្តច័ន្ទបុរី ឃាត់ខ្លួន មិនទាន់ដឹងច្បាស់ថា ត្រូវបានបញ្ជូនទៅណាទេ៕

RELATED ARTICLES