Monday, June 1, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ទៅឡើងផ្ទះគេ ភ្លើងឆេះផ្ទះឯងហ្មត់

 ទៅឡើងផ្ទះគេ ភ្លើងឆេះផ្ទះឯងហ្មត់

ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធ ២នាក់ ជាថៅកែលក់គ្រឿងអគ្គិសនី បាននាំគ្នាចាកចេញពីផ្ទះ ទៅចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មីរបស់មិត្តភក្តិ លុះពេលត្រឡប់មកផ្ទះវិញ ភ្លើងបានឆាបឆេះផ្ទះរបស់ខ្លួន ជាប្រភេទផ្ទះល្វែង (២ល្វែងជាប់គ្នា)  យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតគ្រឿង អេឡិចត្រូនិក និងសម្ភារអគ្គិសនី មួយចំនួនធំ គិតជាទឹកប្រាក់ ប្រមាណកន្លះលានដុល្លារ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះល្វែងលក់គ្រឿងអគ្គិសនី ១កន្លែង ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយ រៀង ខេត្តស្វាយរៀង។

ផ្ទះ២ល្វែងជាប់គ្នា ដែលរងការឆាបឆេះ មានទំហំ ៨ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ធ្វើអំពីបេតុង មានម្ចាស់ឈ្មោះសេង សុខលុច ភេទប្រុស អាយុ៣៧ឆ្នាំ និងប្រពន្ធ ឈ្មោះស្រីទូច អាយុ៣៥ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនី។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះ ២នាក់ប្តីប្រពន្ធ បានចាកចេញពីផ្ទះ ទៅចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មី របស់មិត្តភក្តិ នៅឯស្រុកស្វាយជ្រំ លុះពេលត្រឡប់មកដល់ផ្ទះវិញ អណ្តាតភ្លើងឆេះពេញបន្ទុកទៅហើយ និងផ្អើលដល់កម្លាំងសមត្ថកិច្ចចម្រុះ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

តាមប្រភពមន្ត្រីកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានករណីអគ្គិភ័យ កើតឡើងនៅចំណុចទីតាំងខាងលើភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង និងកម្លាំងអាជ្ញាធរពាក់ព័ន្ធ បានចុះអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះបាញ់ពន្លត់ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០ គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ចំនួន៤គ្រឿង រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុករំដួល ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយទាប ចំនួន១គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន ២៨ឡាន ទើបអាចគ្រប់គ្រងស្ថាន ការណ៍បានទាំងស្រុង (ភ្លើងរលត់) នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃដដែល។

តាមប្រភពអាជ្ញាធរមូលដ្ឋាន ករណីគ្រោះអគ្គិភ័យខាងលើ បានបង្កឱ្យឆេះខូចខាតសម្ភារៈ រួមមាន គ្រឿងអេឡិចត្រូនិក និងសម្ភារៈអគ្គិសនី មួយចំនួនធំ គិតជាទឹកប្រាក់ ប្រមាណកន្លះលានដុល្លារ។ ចំពោះមូលហេតុ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការសន្និដ្ឋានថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

RELATED ARTICLES