ភ្នំពេញ ៖ រោងចក្រផលិតចានស្នោ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជា ពលរដ្ឋនិងសមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចអគាររោងចក្រផលិតចាននិងប្រអប់ស្នោ មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រោងចក្រនោះ មានច្រើនអគារ ដែលសាងសង់ពីថ្មលាយដែក ប្រក់ដំបូលស័ង្កសី ចំណែកជញ្ជាំងបាំងដោយស័ង្កសី ១កំណាត់ខាងលើ និងថ្ម ១កំណាត់ក្រោម ហើយភ្លាមៗ នោះត្រូវបានភ្លើងឆេះអស់ទាំងស្រុង និងដួលរលំអស់ចំនួន ២ខ្នង។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ ខណៈដែលកម្មករកំពុងធ្វើការ ហើយម៉ាស៊ីនសង្វាក់ផលិតកម្មកំពុងតែដំណើរការសុខៗ ស្រាប់តែមានភ្លើងឆាបឆេះ តែមួយភ្លែត ក៏មានអណ្តាតភ្លើងសន្ធោសន្ធៅ ព្រមទាំងមានផ្សែងហុយឡើងលើខ្មួលខ្មាញ់ ពេញអាកាសតែម្តង ។
សមត្ថកិច្ចបានឱ្យដឹងថា ពុំទាន់ដឹងថា មានកម្មករបម្រើការងារនៅក្នុងរោងចក្រនោះ ប៉ុន្មាននាក់នៅឡើយ បើតាមការពិនិត្យជាបឋម ពុំមានកម្មករណាម្នាក់រងរបួសនោះទេ ហើយសម្ភារៈនៅក្នុងអគារ ទាំង២នោះ បានរងការឆាបឆេះអស់ ចំណែកមូលហេតុនៃការឆាបឆេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ។

បន្ទាប់ពីមានហេតុការណ៍នោះកើតឡើងភ្លាម កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បានចេញទៅអន្តរាគមន៍ភ្លាមៗ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំង ជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ ឱ្យ បានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់១៨ឡាន ស្មើនឹង ២១៦ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ២០ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង៦ម៉ែត្រគូប។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃដដែល។

ចំពោះប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ៥០០០ម៉ែត្រការ៉េ ឆេះខូចខាតរោងចក្រសង់ពីដែកប្រក់ស័ង្កសី ទំហំ ៥០០០ម៉ែត្រការ៉េ ចំនួន១រោងចក្រ ខូចខាត ៨០ភាគរយ រួមមាន ម៉ាស៊ីនទាញស្នោ ចំនួន១គ្រឿង ចានស្នោ ផលិតរួច ចំនួន ៤០ ០០០បេ (១បេ មាន៧០០ចាន) និងស្នោមិនទាន់ផលិត ចំនួន៤០០ដុំ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមូលហេតុ។ ករណីនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕
