Wednesday, June 17, 2026
Homeព័ត៌មានជាតិJBC កម្ពុជា ស្នើឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ បន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ឱ្យបានឆាប់បំផុត

JBC កម្ពុជា ស្នើឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ បន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ឱ្យបានឆាប់បំផុត

ភ្នំពេញ ៖ គណៈកម្មការ JBC កម្ពុជា បានផ្ញើជាថ្មីម្តងទៀត នូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ឱ្យបានឆាប់បំផុត បន្ទាប់ពីគណៈកម្មការ JBC បានសុំពន្យារពេលជាបន្តបន្ទាប់ ច្រើនលើកមកហើយ។

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លេខ ០០៦/២៦ រកព.សប្រពចុះថ្ងៃអង្គារ ២ កើត ខែឋមាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយស សូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិ ទាំងអស់ ឱ្យបានជ្រាបថា កន្លងមក គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើក ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃ បានឆ្លើយតបដោយស្នើលើកពេល ជាបន្តបន្ទាប់ ក្រោមហេតុផលដូចជា ៖ បំពេញនីតិវិធីផ្ទៃក្នុង រង់ចាំការបោះឆ្នោតថ្នាក់ជាតិ រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំការអនុម័តដោយគណៈ រដ្ឋមន្ត្រីថៃ លើការតែងតាំងប្រធាននិងសមាសភាពថ្មី នៃគណៈកម្មការ JBC ភាគីថៃ។

រហូតមកដល់ពេលនេះ បើទោះបីជានាយករដ្ឋមន្ត្រីថៃថ្មី ត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើងនិងបានដំណើរការកិច្ចប្រជុំ ជាច្រើនលើកមកហើយក៏ដោយ ក៏រដ្ឋាភិបាលថៃ នៅតែពុំទាន់តែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួន ជាផ្លូវការនៅឡើយ។ ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះ អនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេស របស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេស កថាខណ្ឌទី៣ និងកថាខណ្ឌទី៤ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរ ក្នុងការបន្តចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្តែង ឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ ក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែលើដីជាក់ស្តែង ភាគីថៃ បាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជា និងធ្វើសកម្មភាពដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មី លើដីជាក់ស្តែង (fait accompli) បើទោះបីជាភាគីកម្ពុជា បានតវ៉ាជាច្រើនលើក តាមផ្លូវការទូត យ៉ាងណាក៏ដោយ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមគូសបញ្ជាក់ថា ផ្អែកតាមនីតិវិធីនិងបែបបទការងារ ដែលបានឯកភាពគ្នា នាពេលកន្លងមក និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេស របស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃ គប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (JSTs) : (JST) ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន និងការងារដែលនៅសេសល់ ព្រមទាំងសហការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស (អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) និងក្រុមប្រតិ បត្តិការ (OG)) ដូចដែលភាគីទាំងពីរ ធ្លាប់បានអនុវត្តកន្លងមក តាំងពីឆ្នាំ២០១៣-២០២៥ និងស្របតាមការលើក ឡើងរបស់នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដូចមានចុះផ្សាយក្នុងសារព័ត៌មាន The Nation Thailand ថា ៖ “(…) ក្រុមការងារកម្រិតបច្ចេកទេសនៅបន្តអនុវត្តការងាររបស់ខ្លួនដដែល»។ ក្នុងន័យនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានផ្ញើជាថ្មីម្តងទៀត នូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ឱ្យបានឆាប់បំផុត។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មី ដល់ជនរួមជាតិ និងសាធារ ណជនជាតិ-អន្តរជាតិទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការ ទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ របស់យោធាថៃ និងសកម្មភាពបន្តរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ព្រមទាំងការបង្កើតស្ថាន ភាពថ្មី នៅលើដីជាក់ស្តែង (fait accompli)។ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំង ពេលបច្ចុប្បន្ន និងអនាគត។

សេចក្តីដូចបានជម្រាបនិងបញ្ជាក់ជូនខាងលើ សូមជនរួមជាតិ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន»៕ ខៀវទុំ

RELATED ARTICLES