Friday, June 19, 2026
Homeតារាខ្មែរស្រីស្អាតសឹម ស្រីនិច្ច ពេញចិត្តខ្សែប្រយុទ្ធ ៣

ស្រីស្អាតសឹម ស្រីនិច្ច ពេញចិត្តខ្សែប្រយុទ្ធ ៣

ភ្នំពេញ ៖ តារាសម្ដែងរូបស្អាត សឹម ស្រីនិច្ច បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នេះ នាងពេញចិត្តកីឡាករខ្សែប្រយុទ្ធលំដាប់អន្ដរជាតិ ៣នាក់ គឺ លីអូណេល មេសស៊ី (Lionel Messi) ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន (Argentina), គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ (Portugal ) និង គីលីយ៉ាន ម៉ាប់ប៉េ (Kylian Mbapp´e) ប្រធានក្រុមជម្រើសជាតិបារាំង (France) ។

ស្រីនិច្ច ប្រាប់ថា នាងចេះមើលបាល់ទាត់ World Cup តាំងពីឆ្នាំ២០២២ ពោលគឺពេលនោះ ប្រទេសប្រទេសកាតារ (Qatar) ធ្វើជាម្ចាស់ផ្ទះ ហើយក្រុមជម្រើសជាតិអាហ្សង់ទីន ជាម្ចាស់ជើងឯក ក្រោយប៉ះក្រុមជម្រើស ជាតិបារាំង នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-៣ នៅម៉ោងបន្ថែម ១២០នាទី និងប៉េណាល់ទី (Penalty) ក្រុមអាហ្សង់ទីន ឈ្នះបារាំង ដោយលទ្ធផល៤-២ ។

 សឹម ស្រីនិច្ច ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ថា នាងមិនមែនជាអ្នកស្ទាត់ជំនាញខាងវិស័យបាល់ទាត់ទេ ពោលគឺនៅលីក (League ) ផ្សេងៗនាងមិនបានតាមដានទេ ។ អ្វីដែលគួរឲ្យសោកស្ដាយផងដែរ នាងក៏មិនដែលមានឱកាសបានទៅទស្សនាការប្រកួតជម្រើសជាតិកម្ពុជា ឬក្លឹបអាជីពនៅក្នុងស្រុកទេ ដែលបញ្ហានេះ គេជឿថា មកពីនាងមមាញឹកការងារសិល្បៈ ឬថតរឿង នៅខេត្តឆ្ងាយ។

 មានការកត់សម្គាល់ថា Idol ទាំង៣រូប របស់ស្រីស្អាត សឹម ស្រីនិច្ច គឺមានតែ រ៉ូណាល់ដូ ម្នាក់ប៉ុណ្ណោះ ដែលនៅថ្ងៃបើកឆាកការប្រកួតក្រុមជម្រើសជាតិរបស់ខ្លួន ទល់ក្រុមជម្រើសជាតិកុងហ្គោ (Congo) នៅ Group K បានត្រឹមលទ្ធផល ១-១ ខណៈ Ronaldo មិនបានស៊ុតបញ្ចូលទីទេ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា  ។ ចំណែកសំណព្វចិត្តរបស់ស្រីនិច្ច ២នាក់ទៀត គឺ មេសស៊ី លេងទល់ក្រុមជម្រើសជាតិ អាល់ហ្សេរី (Algeria) នៅ Group J  បំបាក់ក្រុមនេះ ដោយលទ្ធផល ៣-០ ក្នុងនោះ Messi ស៊ុតចូលម្នាក់ឯង ទាំង៣គ្រាប់ (Hat-Trick) ហើយ Kylian Mbapp´e លេងតតាំងក្រុមជម្រើសជាតិ សេនេហ្គាល់ (Senegal) នៅGroup I ឈ្នះ ៣-១ ក្នុងនោះ  Mbapp´e រកបាន ២គ្រាប់ផងដែរ កាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ។

សឹម ស្រីនិច្ច ថាពេលនេះ នាងអាចមើលបាល់ទាត់ World Cup បានហើយ ប៉ុន្ដែបើនៅថ្ងៃទី២៣ និង២៤ មិថុនា នាងជាប់រវល់ពេញតែម្ដង មិនអាចមើលបាល់បានទេ ២ថ្ងៃជាប់គ្នានេះ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលរៀបចំ ៣ប្រទេស គឺនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ីកូ បើកឆាកប្រកួតលើកដំបូង កាលពីថ្ងៃទី១១ ខែមិថុនា នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយការប្រកួតផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅកីឡដ្ឋាន Metlife Stadium (Fifa ហៅថា New York /New Jersey Stadium សហរដ្ឋអាមេរិក) ។ សឹម ស្រីនិច្ច ជាមុខសញ្ញានៃប្រុសទាំងឡាយដែលប៉ងចង់បាននាងជាម្ចាស់បេះដូង ប៉ុន្ដែគួរឲ្យស្ដាយ កាលពីចុងខែតុលា ឆ្នាំ២០២៥ នាងប្រកាសជាសាធារណៈថា នឹងមិនយកស្វាមី ជារៀងរហូត។ ប្រសិនបើស្រីនិច្ច នៅរក្សារជំហនេះ មិនផ្លាស់ប្ដូរចិត្តនោះ នឹងធ្វើឲ្យប្រុសៗ មិនតិចនាក់ទេ ខកចិត្តដោយ សារនាង ៕

RELATED ARTICLES