Friday, June 26, 2026
Homeព័ត៌មានជាតិករណីវិស្វករក្លែងក្លាយ ជិះរ៉ុលរ៉យ ត្រូវបន្តនីតិវិធីច្បាប់ ដើម្បីនីតិរដ្ឋ

ករណីវិស្វករក្លែងក្លាយ ជិះរ៉ុលរ៉យ ត្រូវបន្តនីតិវិធីច្បាប់ ដើម្បីនីតិរដ្ឋ

ភ្នំពេញ ៖ ប្រធានគណបក្សសន្តិភាពជាតិ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី លោក រស់ សារ៉ុម បានជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តនីតិវិធីច្បាប់ ដើម្បីនីតិរដ្ឋ ករណីវិស្វករក្លែងក្លាយ ណន សីហា ដោយលោកបញ្ជាក់ថា លោកមិនចោទលោក ណន សីហា រឿងសញ្ញាបត្រវិស្វករក្លែងក្លាយនោះទេ ប៉ុន្តែបើសិនជាខ្លួនជាជនរងគ្រោះពិតប្រាកដក្នុងរឿងនេះ លោក ណន សីហា គួរតែសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីវែកមុខអ្នកក្លែងសញ្ញាបត្រវិស្វករនេះ ដើម្បីកែទម្រង់នីតិរដ្ឋ ទាំងអស់គ្នា ។

លោក រស់ សារ៉ុម បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ករណីនេះ បើម្ចាស់សាមីសាលា មិនរកយុត្តិធម៌ជូននិស្សិត មហាជន តាមផ្លូវច្បាប់ ខ្ញុំនឹងរៀបចំលិខិតស្នើសុំសម្តេចធិបតី ឲ្យក្រសួងឣប់រំ ក្រសួងយុត្តិធម៌ និងឣង្គភាពប្រឆាំងឣំពើពុករលួយ បន្តនីតិវិធីច្បាប់។ ស្ងាត់ៗចប់ មិនដេញដោល មិនបានទេ សង្គមយើង កំពុងកែទម្រង់ ដើម្បីនីតិរដ្ឋ។ រួមគ្នាកែ ដើម្បីទាំងឣស់គ្នា។ ខ្ញុំមិនចោទប្ឣូន ណន សីហា តែសុំឲ្យប្ឣូនសហការជាមួយឣ្នកពាក់ព័ន្ធ បើប្ឣូនជាជនរងគ្រោះមែន“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា ទាក់ទងជាមួយនឹងករណីវិស្វករក្លែងក្លាយនេះ លោកលើកទឹកចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ជូនជនរួមជាតិ ពីព្រោះប្រទេសជាតិ អាចដំណើរការទៅមុខបាន ប្រកបដោយនីតិរដ្ឋ គឺត្រូវការការអប់រំមួយ ដែលច្បាស់លាស់ មានស្ដង់ដារត្រឹមត្រូវ ។ ផ្ទុយទៅវិញ បើសិនជាការក្លែងសញ្ញាបត្រវិស្វករនេះ ច្បាប់ មិនអាចអនុវត្តបាន នោះការអប់រំ គ្មានន័យទេ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ទាក់ទងជាមួយនឹងករណីក្លែងសញ្ញាបត្រនេះ សាលាសាមី បានចាប់ផ្ដើមនីតិវិធីច្បាប់ ដើម្បីអនុវត្តចំពោះអ្នកក្លែងសញ្ញាបត្រហើយ ទី១ ហើយទី២ រឿងនេះ ជារឿងមួយដែលប៉ះពាល់ដល់ដំណើរការអប់រំ គុណតម្លៃនៃការអប់រំ ។ អ៊ីចឹងមិនអាចត្រូវបានទុកចោល ឬក៏ស្ងាត់ៗ កប់ចោលទេ ។ អ៊ីចឹងការកែទម្រង់របស់យើង គឺនឹងទទួលបរាជ័យ ដោយសារតែករណីតូចតាចមួយ ដែលយើងអាចលុបបំបាត់បាន ។ អ៊ីចឹងទាក់ទងជាមួយនឹងករណីវិស្វករក្លែងក្លាយនេះ ខ្ញុំលើកទឹកចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ជូនជនរួមជាតិ ពីព្រោះប្រទេសជាតិ អាចដំណើរការទៅមុខបាន ប្រកបដោយនីតិរដ្ឋ គឺត្រូវការការអប់រំមួយដែលច្បាស់លាស់ មានស្ដង់ដារត្រឹមត្រូវ ។ បើសិនជាក្លែងសញ្ញាបត្រ វាគ្មានអ្វីកើតឡើង ហើយច្បាប់ មិនអាចអនុវត្តបាន អ៊ីចឹងការអប់រំ គ្មានន័យទេ ។ អ៊ីចឹងខ្ញុំសូមជម្រាបជូនតែប៉ុណ្ណេះ ។ យ៉ាងណា ខ្ញុំសូមបញ្ជាក់បន្ថែមថា នីតិវិធីផ្លូវច្បាប់ តាមព័ត៌មានដែលខ្ញុំទទួលបានហ្នឹង គេកំពុងដំណើរការហើយ គេមិនបញ្ចប់រឿងហ្នឹងទេ“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក រស់ សារ៉ុម ខាងលើនេះ បានធ្វើឡើង ក្រោយពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងគណៈវិស្វករកម្ពុជា ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ករណីសេដ្ឋីម៉ៅការសំណង់ ណន សីហា ប្រើប្រាស់សញ្ញាបត្រវិស្វករក្លែងក្លាយ ដោយក្នុងនោះ នៅក្នុងលិខិតបដិសេធ ចុះថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បញ្ជាក់ថា ថ្មីៗនេះ វិទ្យាស្ថាន បានពិនិត្យឃើញមានករណីក្លែងបន្លំនូវសញ្ញាបត្ររបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានអត្តសញ្ញាណ ឈ្មោះ ណន សីហា ភេទប្រុស កើតថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៩៣ ។ ដូច្នេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បដិសេធ មិនទទួលស្គាល់សញ្ញាបត្រដែលមានឈ្មោះដូចខាងលើនេះឡើយ ព្រោះជាសញ្ញាបត្រក្លែងក្លាយ មិនមែនជាសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាន នោះទេ ។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់ លើករណីនេះ ។

ក្រៅពីចេញលិខិតបដិសេធ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីវិធានការរបស់វិទ្យាស្ថាន ពាក់ព័ន្ធនឹងករណីក្លែងបន្លំសញ្ញាបត្រ ។

សេចក្ដីប្រកាសព័ត៌មាន របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះថ្ងៃពុធ ១០កើត ខែបឋមាសាឍ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា បន្ទាប់ពីវិទ្យាស្ថាន បានចេញសេចក្ដីបំភ្លឺ កន្លងមក ពាក់ព័ន្ធនឹងការបដិសេធ មិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសង្កេតឃើញថា សាធារណជន នៅបន្តមានការចាប់អារម្មណ៍និងយកចិត្តទុកដាក់អំពីវិធានការរបស់វិទ្យាស្ថានចំពោះករណីនេះ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមធ្វើការបំភ្លឺនិងបញ្ជាក់ជូនសាធារណជនថា វិទ្យាស្ថានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុចរិតភាព កេរ្តិ៍ឈ្មោះ គុណភាព និងភាពជឿទុកចិត្តនៃសញ្ញាបត្រទាំងអស់ ដែលចេញដោយវិទ្យាស្ថាន។ ចំពោះករណីនេះ វិទ្យាស្ថាន បាននិងបន្តចាត់វិធានការតាមនីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់ រួមមាន ៖

១. បានពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធជាមួយកំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យរបស់វិទ្យាស្ថាន ភ្លាមៗ បន្ទាប់ពីបានដឹងអំពីការសង្ស័យករណីក្លែងបន្លំសញ្ញាបត្រ។

២. បានចេញលិខិតបដិសេធ មិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា ។

៣. បានប្រមូល ចងក្រង និងរក្សាទុកឯកសារ ព័ត៌មាន និងភ័ស្តុតាងពាក់ព័ន្ធ សម្រាប់គោលបំណងនីតិវិធីផ្ទៃក្នុង និងនីតិវិធីច្បាប់។

៤. បានបង្កើតក្រុមការងារ ដែលបាននិងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់វិទ្យាស្ថាន និស្សិត អតីតនិស្សិត និយោជក និងសាធារណជន។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះករណីនេះ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ និងការពារសុចរិតភាព គុណភាព កេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្តនៃសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាន ព្រមទាំងការពារផលប្រយោជន៍របស់និស្សិត អតីតនិស្សិត និយោជក និងសាធារណជន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន“ ។

ចំណែកអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតជូនដំណឹង ចុះថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រោយពីទទួលបានលិខិតបដិសេធរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា ដែលបានយកមកប្រើប្រាស់នោះ ថាជាសញ្ញាបត្រក្លែងក្លាយ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នឹងរៀបចំនីតិវិធីផ្លូវច្បាប់ ក្នុងការចេញសេចក្ដីសម្រេចលុបឈ្មោះ ណន សីហា ចេញពីបញ្ជីឈ្មោះវិស្វកររបស់គណៈវិស្វករកម្ពុជា និងសូមគោរពស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ។

ក្រោយបែកធ្លាយការប្រើប្រាស់វិស្វករក្លែងក្លាយ ខាងលើនេះ លោក ណន សីហា អ្នកម៉ៅការសំណង់ល្បីឈ្មោះ ដែលមនុស្សមួយចំនួន ផ្តល់រហស្សនាម «សេដ្ឋីម៉ៅការសំណង់»  ដោយសារតែលោកតែងបង្ហាញសម្ភារនិយម ជាមួយរថយន្តទំនើបៗ លំដាប់សេដ្ឋី អភិជន និងគ្រឿងអលង្ការមាស ពេជ្រ ជ្រែកខ្លួននោះ បានចេញមុខធ្វើការសុំទោសជាសាធារណៈ និងបានអះអាងថា លោកក៏ជាជនរងគ្រោះ ត្រូវបានគេបោកប្រាស់អស់ប្រាក់ ១៦០០ដុល្លារ ក្នុងការរត់ការធ្វើសញ្ញាបត្រវិស្វករ ដើម្បីចុះឈ្មោះក្នុងបញ្ជីគណៈវិស្វករកម្ពុជា ឲ្យស្របច្បាប់ ដោយពុំបានដឹងថា ជាសញ្ញាបត្រក្លែងក្លាយ ។

ក្នុងវីដេអូសុំទោសជាសាធារណៈ បង្ហោះតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ណន សីហា បានធ្វើការសុំទោសដល់សម្ដេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ក៏ដូចជាសុំទោសទៅដល់គណៈវិស្វករកម្ពុជា គណៈគ្រប់គ្រងសាលាតិចណូ លោកគ្រូ អ្នកគ្រូ និងបងប្អូននិស្សិតវិស្វករទាំងអស់ រួមទាំងសុំទោសដល់បងប្អូនជនរួមជាតិ ទាំងអស់ មេត្តាខន្តី អភ័យទោសចំពោះរូបលោក ដោយសារតែខ្វះការយល់ដឹង មិនបានគិតឲ្យគ្រប់ជ្រុងជ្រោយ ហើយចុងក្រោយ ក៏ក្លាយជាជនរងគ្រោះម្នាក់ ដោយសារតែឆាប់ជឿទុកចិត្តលើបុគ្គលម្នាក់ ថារត់ឯកសារពិត ឱ្យលោក តែដល់ពេលបានមកជាឯកសារក្លែងក្លាយ ទៅវិញ ។ ដូច្នេះលោកសូមសន្យាថា មិនឱ្យរឿងនេះ កើតឡើងម្ដងទៀតទេ“ ។

លោក ណន សីហា បាននិយាយនៅក្នុងវីដេអូនោះថា “បាទ! ជម្រាបសួរ ពុកម៉ែ បងប្អូន នៅក្នុងប្រព័ន្ធសង្គម ទិកតុក និងហ្វេសប៊ុក ទាំងអស់! ថ្ងៃនេះ គឺខ្ញុំបានឃើញបងប្អូនមិនសប្បាយចិត្តជាមួយនឹងខ្ញុំ ណន សីហា ហើយក៏សូមសុំទោសជាសាធារណៈ ។ ខ្ញុំសុំទោសដល់ថ្នាក់ដឹកនាំ សុំទោសដល់សាលាតិចណូ ។ ខ្ញុំអត់បានដឹងថា តើចុះបញ្ជីហ្នឹង ខ្ញុំស្គាល់គេតាមអនឡាញ គេថាធ្វើការច្រើនកន្លែងអ៊ីចឹង រកកន្លែងចុះបញ្ជី ចុះអីឲ្យបានត្រឹមត្រូវទៅ កុំឲ្យពេលគេសួរនាំ យើងអត់ ។ អ៊ីចឹងគោរពច្បាប់ ខ្ញុំអត់រំលងទេ ហើយក៏ខ្ញុំរវល់ ហើយក៏ខ្ញុំអត់មានពេលរៀន អ៊ីចឹងក៏ខ្ញុំពឹងពាក់ឲ្យគេធ្វើឲ្យ ឯកសារដែលចុះបញ្ជីវិស្វករហ្នឹង ឲ្យគេ ១ពាន់ដុល្លារជាង ឲ្យគេធ្វើឲ្យ រត់ការឲ្យហ្នឹង ដោយសារខ្ញុំរវល់ការងារ។ ហើយក៏សុំទោសដល់គ្រប់ជាន់ថ្នាក់ទាំងអស់ សុំអភ័យទោសដល់មហាជន ដល់ពុកម៉ែ បងប្អូន កុំខឹងសម្បាខ្ញុំអី ដោយសារខ្ញុំចង់ធ្វើឯកសារហ្នឹង ដើម្បីឲ្យត្រូវច្បាប់ទេ ហើយខ្ញុំក៏អត់ដឹងថា មានជនឆបោក បំប្លែងឯកសារហ្នឹង ហើយខ្ញុំគឺជាជនរងគ្រោះម្នាក់ដែរ ដោយសារខ្ញុំអត់ ខ្ញុំស្គាល់គេតាមអនឡាញ ហើយឥឡូវទាក់ទងទៅគាត់ ក៏អត់តប អត់ឆាតអីជាមួយយើងទៀត។ ឥឡូវខ្ញុំសុំទោសដល់ប្រមុខថ្នាក់ដឹកនាំទាំងអស់ ហើយនិងលោកគ្រូ អ្នកគ្រូ ដែលនៅសាលតិចណូ ខ្ញុំសុំអភ័យទោសដល់ពុកម៉ែ បងប្អូន មហាជនទាំងអស់ ដែលឃើញគាត់ផុសមួយថ្ងៃនេះ អូសអត់ផុតទេ“ ។

លោក ណន សីហា បន្តថា “ អ៊ីចឹងខ្ញុំបាទ ជាប្រជាពលរដ្ឋដែលធ្វើការសាងសង់ផ្ទះ បានតិចតួច ដើម្បីចិញ្ចឹមក្រពះ ចិញ្ចឹមក្រុមការងារ និងកូនចៅទាំងអស់ ខ្ញុំនឹកស្មានមិនដល់ថា រឿងនេះ វាកាន់តែរីករាយដាលទេ ហើយក៏ខ្ញុំសុំទោសជាសាធារណៈ ខ្ញុំពិតជាអត់ដឹង ដែលមានជនខិលខូច មកបោកប្រាស់ខ្ញុំ ហើយខ្ញុំចង់ឲ្យតែត្រូវច្បាប់ទេ ខ្ញុំឲ្យតែរកស៊ីទៅស្របច្បាប់ ដោយសារខ្ញុំមិនទៅបោកប្រាស់បងប្អូនណា មិនដែលកេងប្រវ័ញ្ច រត់ចោលផ្ទះបងប្អូនណាទេ បើមិនជឿ សួរម្ចាស់ផ្ទះ ដែលខ្ញុំកាន់គម្រោង គឺខ្ញុំសាងសង់ដោយមនោសញ្ចេតនា ដោយបេះដូង ក្ដីស្រលាញ់ គោរពស្រលាញ់ ឲ្យតម្លៃដល់ម្ចាស់ផ្ទះ ហើយខ្ញុំសុំទោសដល់ប្រមុខថ្នាក់ដឹកនាំ ដល់លោកពូ ផែង វណ្ណៈ ហើយនិងលោកជំទាវ (ឧកញ៉ា នឹម វណ្ណៈ) ដែលគាត់ស៊ែរពីរូបខ្ញុំបាទ សូមលើកម្រាមដៃដប់ សំពះគោរពពីចម្ងាយ ខ្ញុំអត់ដឹងថា រឿងនេះ វារីករាលដាលដល់ដំណាក់កាលនេះទេ ។ អ៊ីចឹងកូនចៅសូមអភ័យទោស ហើយនិងបងប្អូនដែលមានចិត្ត កុំខឹងសម្បាខ្ញុំអី ដោយសារខ្ញុំធ្វើនេះ ដើម្បីតម្រូវឲ្យតែត្រឹមត្រូវ ហើយក៏អត់ដឹងថា មានជនគេឆក់ឆ្លៀតឱកាស ហើយខ្ញុំជាមនុស្សត្រង់មួយ នៅក្នុងសង្គមជាតិ ខ្ញុំមានតែពាក្យពេចន៍ប៉ុណ្ណឹង សូមទោសជាសាធារណៈ ដល់ប្រមុខថ្នាក់ដឹកនាំទាំងអស់ ដល់ពូ ផែង វណ្ណៈ ដល់លោកមីងជំទាវ លើកលែងអធ្យាស្រ័យ កុំយកទោស អូសដំណើរដល់កូនចៅអី ដោយសារការងារឥឡូវ គឺនៅគ្រប់គ្រងក្រុមការងារ កម្មករ ដែលគាត់ចំណាកស្រុក មកធ្វើជាមួយខ្ញុំច្រើន ខ្ញុំត្រូវផ្គត់ផ្គង់ មើលការខុសត្រូវ បើកលុយ បើកកាក់ជូនគាត់“ ៕ កុលបុត្រ

RELATED ARTICLES