ភ្នំពេញ : នាយកសាលាដុតសំរាមក្បែរចេតិយ មិនរាយការណ៍ជូនសមត្ថកិច្ច ហើយភ្លើងបានឆេះសន្ធោសន្ធៅ មើលពីក្រៅរបង ប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គីភ័យ ដោយភ្លើងឆេះខ្លាំងណាស់ក្នុងវត្ត កាលវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចសាលាបឋមសិក្សាវត្តមហាមន្រ្តី ក្បែរចេតិយ ស្ថិតនៅភូមិ១ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលអូឡាំពិក បានប្រាប់ថា មុនកើតហេតុមានប្រជាពលរដ្ឋប្ដឹងអាជ្ញាធរជួយចុះអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យផង ដោយក្នុងសាលាបឋមសិក្សាវត្តមហាមន្រ្តី មានផ្សែងចេញពីក្នុងសាលាខ្លាំងណាស់ ក្រោយមកក៏ប្រញាប់ចុះមកដល់សាលា ហើយមើលពីរបងវត្ត ឃើញអណ្ដាតភ្លើងខ្លាំងមែន និងមានផ្សេងឡើងខ្មៅ ហើយពេលចូលដល់ក្នុងសាលា ស្រាប់តែឃើញលោកគ្រូ និងនាយកសាលា កំពុងប្រមូលសំរាមដុតក្បែរចេតិយ ហើយក៏ប្រាប់លោកនាយកសាលាឲ្យផ្អាកដុតសិន ព្រោះភ្លើងឆេះខ្លាំងពេក ផ្អើលប្រជាពលរដ្ឋ អ្នកធ្វើដំណើរនៅខាងក្រៅរបងវត្តណាមួយផ្សែងខ្លាំងពេក ខ្លាចប៉ះពាល់ដល់កុមារកុមារីកំពុងសិក្សា ចៀសវាងដួលសន្លប់ ។
សមត្ថកិច្ចបន្តថា ក្នុងករណីខាងលើនេះមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យទេ ហើយនាយកសាលាក៏សុំទោសថា ភ្លេចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ពេលដុតសំរាម លើកក្រោយនឹងរាយការណ៍ជូន ដើម្បីចៀសវាងមានការផ្អើលឆោឡាដូចពេលនេះទៀត ដោយនឹកឃើញថា ដុតសំរាមបន្តិច មិនអីទេ តែក្នុងនោះមានក្ដារកុងផ្លាកេ និងកេះក្រដាស ទើបឆេះផ្សែងខ្មួលខ្មាញ់ឡើងលើមេឃបែបនេះ ហើយនាយកសាលានឹងមិនឲ្យមានក្រោយទៀតទេ ៕