Saturday, September 20, 2025
Homeព័ត៌មានជាតិគោដើរទេសចរណ៍ សង្ស័យចង់ជិះយន្តហោះ

គោដើរទេសចរណ៍ សង្ស័យចង់ជិះយន្តហោះ

ភ្នំពេញ ៖ សត្វគោដើរទេសចរណ៍ទាំងហ្វូងៗ សឹងតែរាល់ថ្ងៃ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ គ្មានអ្នករវល់ គ្មានអ្នកមើលថែ សូម្បីតែម្ចាស់គោក៏រកមុខមិនឃើញដែរ បែរជាឃើញដើរដោយសេរី រហូតដល់ពលរដ្ឋនិយាយចំអកលេងសើចថា គោដើរទេសចរណ៍ ចង់ឡើងជិះយន្តហោះ ។

តាមប្រជាពលរដ្ឋ ខណៈដែលប្រទះឃើញហ្វូងគោដើរប្រសេចប្រសាចតាមផ្លូវ មុខព្រលានយន្តហោះ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា គេឃើញគេដើរទេសចរណ៍ នៅមុខព្រលានទាំងហ្វូងៗ មិនមែនទើបតែមានថ្ងៃនេះទេ សឹងរាល់ថ្ងៃទៅហើយ មិនដឹងម្ចាស់សត្វទាំងនោះ យល់ឃើញបែបណាទេ ទើបប្រលែងគោឲ្យដើរសេរីយ៉ាងនេះ មិនគិតពីផលប៉ះពាល់ ដល់សាធារណៈ និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ។

តាមមតិប្រជាពលរដ្ឋបានរិះគន់ផងដែរដល់ម្ចាស់គោ ដែលចិញ្ចឹមហើយប្រលែងឲ្យដើររកសុីសេរី ត្រង់ចំណុចខាងលើ ខណៈដែលដងផ្លូវសហព័ន្ធរុស្សី សម្បូរដោយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឆ្លងកាត់ច្រើន ហើយសួនច្បារផ្កា ស្មៅ ទៀតសោត សាលារាជធានី ខិតខំបង្កើតថែទាំ លម្អ សោភណ្ឌភាពទីក្រុងស្អាត ស្រស់បំព្រង មិនគួរណាម្ចាស់ប្រលែងសត្វគោ ដើរទេសចរណ៍មុខព្រលានរហូតដល់ពលរដ្ឋលាន់មាត់ សង្ស័យគោចង់ជិះយន្តហោះហើយមើលទៅ ៕

RELATED ARTICLES