ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់ពីថៅកែហាងរឹបអូសម៉ូតូរបស់បុរស៣នាក់ ដែលចូលច្រៀងខារ៉ាអូខេផឹកស្រាដបអស់មួយកេស គិតលុយអស់២៤៦ដុល្លារ អត់មានលុយឲ្យថៅកែហាង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចខារ៉ាអូខេសេះមាស តាមបណ្តោយផ្លូវ២០០៤ ហៅផ្លូវម៉ៃដា ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីពីជនរងគ្រោះមានឈ្មោះ ហ៊ុន វ៉ាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិគោគចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាកDuck ពណ៍ស លាយពណ៍ទឹកក្រូច ពាក់ស្លាកភ្នំពេញ 1CG-1885 បានឲ្យដឹងថា នៅយប់ថ្ងៃទី៦ ខែកក្កដា រូបគាត់និងមិត្តភក្កិ២នាក់ទៀត បានជិះម៉ូតូទៅផឹកស៊ីនិងច្រៀងខារ៉ាអូខេនៅហាងខារ៉ាអូខេសេះមាស ស្ថិតនៅតាមផ្លូវ២០០៤ ។ ពេលទៅដល់គាត់បានកុម្ម៉ង់ស្រាបៀរដប១កេស តម្លែ៣៥ដុល្លារ មាន Free ម្ហូប៤មុខ និងបានហៅនារីខារ៉ាអូខេ៣នាក់ ទៅអង្គុយកំដរ ព្រមទាំងនារីជាអ្នកចាក់ខារ៉ាអូខេ និងអ្នកចាប់ទឹកកកផងដែរ ។
ប្រភពដដែលបន្តទៀតថា ដោយសារតែគាត់កុម៉្មង់ស្រាបៀរមួយកេស មាន Free ម្ហូប៤មុខ ហើយរូបគាត់មិនបានកុម៉្មង់ម្ហូបបន្ថែមទៀតទេ ខណៈពេលកំពុងតែអង្គុយហូប ស្រាប់តែ នារីខារ៉ាអូខេដែលអង្គុយកំដររួមតុជាមួយនោះ បានហៅម្ហូបមកអង្គុយញាំជាបន្តបន្ទាប់ ទោះបីជារូបគាត់ឲ្យយកម្ហូបត្រឡប់ទៅវិញ ព្រោះគាត់មិនបានកុម៉្មង់ទេ តែនារីខារ៉ាអូខេទាំង នោះបានប្រាប់ថា ម្ហូបដែលកុម៉្មង់រួចហើយ មិនអាចយកទៅវិញបានទេ ពេលនោះពួកនាងៗ ចេះតែហៅមួយចានហើយមួយចានទៀត មានម្ហូបខ្លះមួយមុខហៅដល់ទៅ២ចាន ដែលសរុបទាំងអស់ម្ហូបដែលហៅថ្មី មាន១៧មុខ ស្មើនិង២០ចាន រួមទាំងមានគោជល់និងបាកាស៨កំប៉ុងទៀត ក្នុងនោះម្ហូបមួយចាន តម្លៃ១៥ដុល្លារ និងម្ហូបខ្លះទៀត៧ទៅ៨ដុល្លារ ។ លុះពេលគិតលុយសរុបទាំងអស់ចំនួន២៤៦ដុល្លារ ពួកគាត់មានលុយអត់គ្រប់ ម្យ៉ាងទៀតម្ហូបទាំង១៧មុខនោះ ពួកគាត់មិនបានហៅផង ម៉េចត្រូវគាត់ជាអ្នកចេញលុយ និងមិនព្រមបង់លុយតាមវិក្កយបត្រគិតលុយអស់២៤៦ដុល្លារនោះទេ ក៏ត្រូវមេការខារ៉ាអូខេខាងលើបានឃាត់ម៉ូតូរបស់គាត់យកទៅទុកនៅហាងខារ៉ាអូខេមួយកន្លែង នៅទល់មុខគ្នាមានយីហោសែនរីករាយ ។
ជនរងគ្រោះបន្តទៀតថា បន្ទាប់មកថៅកែហាងខារ៉ាអូខេសែនរីករាយ ជាអ្នកចេញមុខដោះ ស្រាយ ដោយថៅកែហាងសែនរីករាយ បាននិយាយថា យកម៉ូតូពួកគាត់ទុក ហើយត្រូវផ្តិតមេដៃទទួលខុសត្រូវសងប្រាក់គ្រប់ចំនួន និងបើចង់សម្រាកនៅហាងរបស់គាត់ ក្នុងម្នាក់មួយយប់ចំនួន១០ដុល្លារទៀត ពេលនោះជនរងគ្រោះយកទូរស័ព្ទស៊េរីទំនើបគ្រាន់បើដែរ ចំនួន២គ្រឿងអោយទៅថៅកែហាងរីករាយ ជាថ្ងូរនឹងការប្រគល់ម៉ូតូឲ្យវិញ បែរជាបុរសជាថៅកែហាងវ័យក្មេងធាត់សក់វែងនោះ រកវាយពួកគាត់ ហើយមានបំណងចោទថា ពួកគាត់ជាចោរទៀតផង ទើបរូបគាត់ទូរស័ព្ទប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។
ចំណែកអ្នកមើលការខុសត្រូវក្នុងខារ៉ាអូខេសេះមាស បាននិយាយថា រូបគាត់មិនបានចូលរួម ហេតុការណ៍ខាងលើនេះទេ ដោយឃើញនារីខារ៉ាអូខេមកកុម៉្មង់ម្ហូប ដោយប្រាប់ថា ភ្ញៀវជាអ្នកកុម៉្មង់ លុះពេលផឹកស៊ីចប់ គិតលុយ បែរជាពួកគាត់ទាំង៣នាក់ខាងលើ រករឿងបែបនេះទៅវិញ។
ប្រភពព័ត៌មាននៅក្បែរកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា ហាងខារ៉ាអូខេនៅតាមផ្លូវ២០០៤នេះ រកស៊ីកោរភ្ញៀវទាំងរស់ ហើយបញ្ហាផឹកស៊ីហើយគិតលុយអស់ច្រើននេះ កើតមានស្ទើររាល់យប់ទៅហើយ គ្រាន់តែអ្នកចូលទៅច្រៀងខារ៉ាអូខេខ្លះមិនចង់មានរឿងវែងឆ្ងាយ និងខ្លាចប្រពន្ធនៅផ្ទះដឹងផង ក៏ចេះតែយល់ព្រមបង់ប្រាក់ទៅឲ្យថៅកែ ខ្លះទៀតប្តឹងសមត្ថកិច្ចជាញឹកញាប់មកហើយ សូមឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាចាត់វិធានការចំពោះទង្វើ របស់ថៅកែខាងលើនេះផង ។
ចំពោះករណីខាងលើនេះ បន្ទាប់ពីជនរងគ្រោះជាម្ចាស់ម៉ូតូបានប្តឹងសមត្ថកិច្ចមកជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចបានសួរនាំភាគីទាំងសងខាងរួចហើយ ក៏ បានចុះតម្លៃនៅត្រឹម១០០ដុល្លារ ។ ចុងក្រោយភាគីបុរសទាំង៣នាក់ដែលចូលច្រៀងខារ៉ា អូខេនោះយល់ព្រមបង់ប្រាក់ចំនួន១០០ដុល្លារ ទាំងមិនអស់ចិត្ត ៕