ភ្នំពេញ ៖ ជនសង្ស័យបែកថ្នាំម្នាក់បានដើរទៅលួចរបស់ដាក់នៅក្នុងប្រភូមិ ម្ចាស់ទឹកម្ចាស់ដី និង កញ្រ្ចែងដាក់ម្រេញគង្វាល ត្រូវបានសន្តិសុខដែលយាមនៅក្បែរនោះឃាត់ខ្លួនយកទៅសាកសួរ ទើបដឹងថាជាមនុស្សបែកថ្នាំ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ទល់មុខនិងក្រុមហ៊ុន មេឌា ផ្ទះលេខ១៧៤ ABCD ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនសង្ស័យដែលបែកថ្នាំ មានឈ្មោះ ម៉ាក ម៉ូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
តាមសម្ដីសន្តិសុខដែលយាមនៅគោលដៅកើតហេតុខាងលើ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាមុនពេលកើតហេតុ រូបគេបានមកយាមនៅគោលដៅខាងលើ ខណៈនោះក៍ស្រាប់តែមានបុរសដែលជាជនសង្ស័យខាងលើ មិនដឹងថាមកពីណានោះទេ ស្រាប់តែមកធ្វើសកម្មភាពបើកទូកញ្ចក់នៅលើរានប្រភូមិម្ចាស់ទឹកម្ចាស់ដី ដែលគេដាក់នៅមុខក្រុមហ៊ុន ហើយជនសង្ស័យរូបនោះបានយកកញ្ច្រែងដាក់ម្រេញគង្វាល រួចហើយបំណងរត់ចេញ តែពេលនោះដែរ រូបគាត់បានឃើញសភាពដូចនេះ ក៍បានដេញឃាត់ជនសង្ស័យរូបនោះយកទៅសាកសួរ រួចបានផ្តល់ដំណឹងទៅឲ្យសមត្ថកិច្ចមូលដ្ឋានបានចុះមកមើល ។ លុះពេលសមត្ថកិច្ចទៅដល់បានសាកសួរ បុរសជាជនសង្ស័យបានសារភាពថា រូបគេពិតជាបានលួចប្រភូមិម្ចាស់ទឹកម្ចាស់ដីពិតប្រាកដមែន ដោយសារតែរូបគេអត់អីហូប។ បន្ទាប់ពីសាកសួរជនសង្ស័យរូបនោះនិយាយស្ដីទាំងសភាពវង្វេងវង្វាន់ស្មារតី ដូចជាមនុស្សបែកថ្នាំ ណាមួយមានអ្នកឃើញជនសង្ស័យរូបនោះ បានបញ្ជាក់ប្រាប់ថា កាល់ពីក្បាលព្រលប់បុរសជាជនសង្ស័យបានដើរចូលទៅក្នុងមន្ទីរពេទ្យរុស្ស៊ី រកលួចកញ្ចក់រថយន្តរបស់គេ ហើយត្រូវសន្តិសុខឃាត់ខ្លួនយកទៅសាកសួរម្តងហើយ ឃើញថាបុរសរូបនោះមានសភាពមិនប្រក្តតី ក៍ដោះលែងវិញ ។
ក្រោយពេលកើតហេតុ ដោយសារតែបុរសរូបនោះជាមនុស្សមានសតិមិនប្រក្រតី ហើយគ្មាននរណាប្តឹងផ្តល់ សមត្ថកិច្ចឲ្យបុរសរូបនោះបន្តដំណើរទៅទៀតទៅ៕