ភ្នំពេញ: មានម្ចាស់អាជីវកម្មជាច្រើនបានរំលោភយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែល ពួកគាត់គិតថា វាស្ថិតនៅមុខផ្ទះ ដូច្នេះពួកគេអាចធ្វើអ្វីក៏បាន ដែលសកម្មភាពនេះអាចធ្វើ អោយផ្លូវរួមតូច មានការកកស្ទះ ប្រជាពលរដ្ឋមួយចំនួនត្រូវចុះដើរនៅលើផ្លូវជាដើម។សកម្មភាពទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ចំពោះម្ចាស់អាជីវកម្មដែលបានយកចិញ្ចើមផ្លូវ និងចំណីផ្លូវធ្វើជាកម្មសិទ្ធិនេះ ដែលជាបញ្ហាបង្កឲ្យមានការកកស្ទះ ហើយផ្លូវមួយចំនួន ដែលមានទំហំតូចស្រាប់នោះ ធ្វើឲ្យកាន់តែតូចជាងមុនទៅទៀត។
ជាក់ស្តែងកាលពីម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមការងារសាលាខណ្ឌសែនសុខ បានចុះទៅផ្អាកការសាងសង់សំយ៉ាបផ្ទះលក់គ្រឿងទេសមួយកន្លែង ជាលើកទី២ ក្រោយពីម្ចាស់ទីតាំងព្យាយាមសង់សំយ៉ាបផ្ទះរំលោភលើចំណីផ្លូវដែលមានទីតាំងផ្លូវ១៩៧៤ កែងផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ម្ចាស់ទីតាំងខាងលើមិនត្រូវបានស្គាល់ឈ្មោះឡើយ គ្រាន់តែដឹងថា ទីតាំងនេះជាផ្ទះលក់គ្រឿងទេសយីហោ អេលីណា សប។
អាជ្ញាធរមូលដ្ឋានបានប្រាប់ថា កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ក្រោយពីឃើញម្ចាស់ទីតាំងខាងលើបានដាំបង្គោលដែកបម្រុងធ្វើសំយ៉ាបរំលោភលើចំណីផ្លូវនោះ អាជ្ញាធរបានប្រាប់ម្តងហើយថា មិនឲ្យធ្វើទេ តម្រូវឲ្យរុះរើចេញវិញ ប៉ុន្តែម្ចាស់ទីតាំងខាងលើមិនបានស្តាប់ការណែនាំឡើយ ដោយឆ្លៀតចាក់ស៊ីម៉ង់ត៍សសរ ដើម្បីឲ្យរឹងមាំទៀត ទើបព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងចំរុះសាលាខណ្ឌសែនសុខ បានចុះទៅផ្អាកម្តងទៀត។
ប្រភពបន្តថាពេលកម្លាំងអាជ្ញាធរចុះនោះ បានប៉ះទង្គិចជាពាក្យសំដីមួយប្រាវផងដែរ តែមិនមានប្រើហឹង្សាឡើយ។
ក្រោយពីប៉ះទង្គិចគ្នាមួយប្រាវមក ចុងក្រោយម្ចាស់ផ្ទះខាងលើបានសុំសូមណូមពរដល់អាជ្ញាធរមូលដ្ឋានទុកពេលឲ្យគាត់១ថ្ងៃ (ថ្ងៃទី០៤ ខែសីហានេះ) ដើម្បីធ្វើការរុះរើចេញដោយខ្លួនឯង បើមិនរុះទេ អាជ្ញាធរមូលដ្ឋានធ្វើអ្វីក៍ធ្វើទៅ គាត់ឈប់តវ៉ាហើយ ក្រោយពីឯកភាពហើយ អាជ្ញាធរមូលដ្ឋានក៍យល់ព្រមទុកពេលឲ្យម្ចាស់ផ្ទះខាងលើមួយថ្ងៃទៀត ហើយបានដកកម្លាំងចេញអស់ទៅ។
ប្រជាពលរដ្ឋបានសំណូមពរថា “សូមកុំដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីអ្នកដទៃ ហើយកន្លែងខ្លះអាងគេមានខ្សែធំ គេចង់ធ្វើអ្វីក៏បាននោះ” ដូច្នេះអាជ្ញាធរសមត្ថកិច្ចគួរតែ រៀបចំសណ្តាប់ធ្នាប់ ទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងផង”៕