ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញា២រូប គឺលោកងឹន ពេជ និងខាំ ផារី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថខណ្ឌ និងនគរបាលប៉ុស្តិ៍បឹងកក់២ ព្រមទាំងកម្លាំងប្រជាការពារជាច្រើននាក់ បានចុះអនុវត្តសាលក្រមតុលាការរឹបអូសផ្ទះរបស់លោកយិន សុវណ្ណនី នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ពាក់ព័ន្ធរឿងក្តីជាយូរឆ្នាំមកហើយ ជាមួយលោកឡៅ ស៊ុនប៉ា។
យោងតាមស្ថានភាពនៅផ្ទះអនុវត្តសាលក្រមនេះ មានសភាពផុយស្រួយនឹងគ្រោះថ្នាក់បំផុត ដោយសារតែភរិយារបស់លោកយិន សុវណ្ណនី ដែលម្ចាស់ផ្ទះមិនសុខចិត្ត និងមិនព្រមឲ្យរឹបអូសផ្ទះរបស់គាត់ឡើយ ដោយបានកាន់បដា និងរូបថតសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្រែកខ្លាំងថា អយុត្តិធម៌ និងបានយករថយន្តឡង់គ្រីស័រមួយគ្រឿង មកដាក់រាំងនៅមុខផ្ទះ និងបានយកសាំងចំនួន២ប៊ីដុង មកចាក់ស្រោចលើរថយន្តនោះ ដើម្បីរារាំងមិនឲ្យសមត្ថកិច្ចអនុវត្តសាលក្រមបាន។
ជុំវិញករណីនេះ ភរិយាលោកយិន សុវណ្នី លើកឡើងថា អ្នកស្រីមិនសុខចិត្តទេចំពោះការរឹបអូសនេះ ព្រោះថាផ្ទះអ្នកស្រីមានតម្លៃជាង៥០ម៉ឺនដុល្លារ ប៉ុន្តែលុយដែលជំពាក់តែចំនួន៦ម៉ឺនប៉ុណ្ណោះ មិនដល់៥០ម៉ឺនដុល្លារទេ លើសពីនេះអ្នកស្រីធ្លាប់បានសង ដើមបណ្តឹងចំនួន២៥ម៉ឺនដុល្លារមកហើយរង់ចាំតែអាជ្ញាបណ្ឌទេ ហេតុអីបានជាមករឹបអូសផ្ទះអ្នកស្រីយ៉ាងដូច្នេះ។
អ្នកស្រីភរិយាលោកយិន សុវណ្នី បញ្ជាក់ផងដែរ លុយ៦ម៉ឺននៅតែរង់ចាំអោយ ឲ្យតែចេញអាជ្ញាប័ណ្ឌប៉ូមខ្សាច់ តែរដ្ឋាភិបាលក៏បានចេញសេចក្ដីជូនដំណឹងមួយថា មិនឲ្យមានការចេញអាជ្ញាបណ្ឌបូមខ្សាច់នោះទេ៕