ភ្នំពេញ៖ គេសង្កេតឃើញក្លឹបកំសាន្តរាត្រី យីហោ “ភោជនីយដ្ឋានចតុមុខ” បច្ចុប្បន្នបាននឹងកំពុងតែពង្វក់ស្មារតីយុវជនយុវនារី និងសិស្សសាលា ចូលពពាក់់ពពូនភ្លើតភ្លើន ភ្លេចការសិស្សាភ្លេចផ្ទះសំបែង ពិសេសក្មេងទំនើងតែងតែបង្កភាពអុកឡុកវាយតប់គ្នា បង្ករបួលស្នាមផ្អើលពេញក្លឹបស្ទើររាល់យប់ ដែលគេសង្ស័យថា ក្លឹបកំសាន្តមួយនេះបើកដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរទេ ហើយបច្ចុប្បន្នក៏បានរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្បែរក្លឹបកំសាន្តមួយនេះ រហូតពួកគាត់បានផ្តិតមេដៃប្តឹងទៅលោកស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន ផងដែរ ដើម្បីសុំអន្តរាគមន៍ជួយពួកគាត់ ។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋប្រមាណជិត២០គ្រួសារ ដែលរស់នៅក្បែរភោជនីយដ្ឋានចតុមុខ ដែលមានទីតាំងបណ្តែតនៅលើទឹកមាត់ទន្លេសាប តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលប្តឹងទៅលោកស៊ុន ចាន់ថុល បញ្ជាក់ថា បច្ចុប្បន្នភោជនីយដ្ឋានចតុមុខ មួយនេះកំពុងតែធ្វើឱ្យរំខានដល់ការរស់នៅ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំងពីសំឡេងរំពង តាំងពីព្រលប់រហូតដល់រំលងអាធ្រាត្រ ។
ពាក្យបណ្តឹងខាងលើបានលើកឡើងបន្ថែមថា ទីតាំងខាងលើនេះជារបស់រដ្ឋ គ្រប់គ្រងដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន ដែលខាងកំពង់ផែស្វយ័តភ្នំពេញ បានជួលទៅឱ្យលោកគីម សុផុន និងអ្នកស្រីកូលាប បើកភោជនីយដ្ឋានដែលមានយីហោចតុមុខ ដែលធាតុពិត ជា (ក្លិបកំសាន្តចតុមុខ) មានរាំរែកឱបរឹតផឹកសុីឡូឡាបំពងសំឡេងយ៉ាងខ្លាំង តាំងពីព្រលប់រហូតដល់ម៉ោង១ម៉ោង២រំលងអាធ្រាត្រ ជារៀងរាល់យប់ ជួនកាលមានក្មេងទំនើងឈ្លោះទាស់ទែងគ្នាស្ទើរាល់យប់ ជាហេតុធ្វើឱ្យមានការរំខានដល់ការរស់នៅនិងសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ ។ មិនតែប៉ុណ្ណោះ មានក្មេងពាលាអាវាសែ ជក់គ្រឿងញៀន បង្កឱ្យមានចោរកម្មនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ពិសេសធ្វើឱ្យបាត់បង់វប្បធម៌ប្រពៃណីជាតិខ្មែរយើងផងដែរ ។
ពួកគាត់ទាំងអស់គ្នាបានសំណូមពរសុំអន្តរាគមន៍ទៅអាជ្ញាធរ ក៏ដូចជាមន្ទីរក្រសួងពាក់ពន្ធ័មេត្តាសុំទីតាំងខាងលើនេះ ទុកជាសម្បត្តិសាធារណៈ ដើម្បីបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដូចជាទុកធ្វើបុណ្យភូមិ ឬបុណ្យសព ឬរៀបអាពាហ៍ពិពាហ៍ និងធ្វើបុណ្យផ្សេងៗទៀត ជា ពិសេស សំុរុះរើទ្វាររបងដែលបាំងខាងមុខចេញ ដើម្បីការពារក្រែងមានអគ្គីភ័យកើតឡើងជាយថាហេតុ។
បើតាមប្រជាពលរដ្ឋឱ្យដឹងបន្ថែមថា កន្លងមកម្ចាស់សណ្ឋាគាររីវើផាលេស ដែលនៅក្បែរនោះក៏ធ្លាប់ប្តឹងផ្តល់ក្លឹបចតុមុខ ម្តងហើយដែរ តែត្រូវបានម្ចាស់ក្លិបនោះដឹងមុនថា មានគេមកធ្វើតេសសំឡេង ពេលនោះក៏គេបន្ថយសំឡេងឱ្យឮសូរតិចៗ ប៉ុន្តែក្រោយមកក៏ចាក់សំឡេងឮរងំវិញដដែល ។
ពាក់ពន្ធ័នឹងករណីខាងលើនេះ ភ្នាក់ងារទូរទស្សន៍ “សារព័ត៌មាននគរធំ” មិនអាចសុំការបំភ្លឺពីលោកគី សុផុន និងអ្នកស្រី កូលាប ដែលជាម្ចាស់ក្លឹបនោះបានទេ ៕