ភ្នំពេញ៖ ជនសង្ស័យកំពុងតែធ្វើសកម្មភាពលួចគាស់ផ្ទះ ត្រូវប្រជាពលរដ្ឋប្រទះឃើញចាប់ប្រគល់
ឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលព្រែកលៀប កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ មាត់ទន្លេ នៅចំណុចភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យមានឈ្មោះ សុខ ជា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីសាក្សីមានឈ្មោះកន រ័ត្នថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានប្រទះឃើញជនសង្ស័យម្នាក់កំពុងតែប៉ុនប៉ងលួចគាស់ទ្វារផ្ទះគាត់បាននាំគ្នាព័ទ្ធចាប់បានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកលៀប ដើម្បីយកទៅសួរនាំ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពលួចព្រទ្យសម្បត្តិប្រជាពលរដ្ឋជាញឹកញាប់មកហើយ នៅក្បែរផ្ទះរបស់គាត់។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ឲ្យដឹងថា ខ្លួនធ្លាប់លួចគាស់ទ្វារបានតែម្តងនោះទេ យកទៅលក់បាន៤ទៅ៥ម៉ឺនរៀល ដើម្បីដូរបាយហូប និងលើកនេះលួចមិនបានសម្រេចចំនួនសរុប២ដង ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងនៅជាប់នឹងខ្លួនមានទុលឡឺវីសមួយ និងដំបងចំនួនមួយ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកលៀប បានកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕