ភ្នំពេញ ៖ ការបើកបរលឿនខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវកែង មិនបានបន្ថយល្បឿនបណ្តាលឲ្យរថយន្តហាយឡែនឌឺ បុករថយន្តឡិចស៊ីស ជនជាតិចិន ចំពាក់កណ្តាលពេញទំហឹង ធ្វើឲ្យរងការខូចខាតរថយន្តទាំងសងខាង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ១០១១ កែងផ្លូវ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើកបររថយន្តគ្រឿង ម៉ាកឡិចស៊ីស RX៣០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AD-៧៣៣៨ ធ្វើដំណើរតាមបណ្តោយផ្លូវ១០១១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវ១៩៦៦ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌឺ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ២AP-៨៦០៥ បើកបរដោយបុរសម្នាក់ទើបតែចេញមកពីកន្លែងធ្វើការ បំណងទៅផ្ទះវិញនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនបោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីសក្រពឹតទ្វារផ្នែកខាងស្តាំ ចំណែកឯរថយន្តបង្កក្រពឹតផ្នែកខាងមុខ តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស តែបុរសជាជនជាតិចិនបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងហៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕