ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូដេញតាមគ្នា រួចស្រែកឆោឡោថាចោរៗ ត្រូវបានប្រជាពលរដ្ឋព្រួត វាយមួយប្រាវ ទើបដឹងសាច់រឿងថាជនសង្ស័យគឺជាបងប្អូនគ្នាសោះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅចំណុចផ្លូវម៉ៅសេទុង ត្រង់ផ្លូវបំបែកជា៤ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង មកដល់ក្បែរផ្សារសាមគ្គី ស្រាប់តែប្រទះឃើញម៉ូតូរបស់ខ្លួនដែលត្រូវជនសង្ស័យកំពុងតែជិះម៉ូតូ ក៏ស្រែកឲ្យជនសង្ស័យដែលត្រូវជាបងប្អូនជីដូនមួយខាងលើនោះ ឲ្យឈប់ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ ក៏ព្យាយាមជិះរត់គេច ទើបម្ចាស់ម៉ូតូធ្វើការដេញតាម រួចស្រែកថាចោរៗ ទើបប្រជាពលរដ្ឋនាំគ្នាជួយស្ទាក់វាយបានមួយប្រាវ ទើបដឹងសាច់រឿងតាមក្រោយថាជនសង្ស័យខាងលើ គឺជាបងប្អូនជីដូនមួយរបស់ជនរងគ្រោះ។
ជនរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យដែលត្រូវជាបងប្អូនជីដូនមួយរបស់ខ្លួននោះ បានលួចកាច់កម៉ូតូរបស់ខ្លួន រួចរត់ចេញពីផ្ទះ រយៈពេលជាង៧ថ្ងៃ ដោយយកទៅដាក់បញ្ចាំ ក្រោយ៧ថ្ងៃ ជនរងគ្រោះបានធ្វើដំណើរតាមផ្លូវកើតហេតុខាងលើ ក៏ប្រទះឃើញដោយចៃដន្យ ទើបធ្វើការស្រែកហៅឲ្យឈប់ តែជនសង្ស័យមិនឈប់ទើបដេញតាមស្ទាក់ចាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់២ ខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ៕