ភ្នំពេញ : បុរសនិងស្រ្តីម្នាក់ជិះម៉ូតូ ZOOMER X ពណ៍ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ ១GK- ៦៧០៩ បើកបរលឿនពេកមកដល់ស្តុបបុករថយន្តកុងតឺន័រ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ៣C- ០២២៧ របស់ក្រុមហ៊ុនផែស្ងួត ហុង ឡេងហួរ ត្រូវរថយន្តកិនជើងស្រ្តីរងគ្រោះចំប្រអប់ជើងខាងឆ្វេង និងបុរសបោកផ្ទប់នឹងរថយន្ត បណ្ដាលឲ្យសន្លប់ស្ដូក រងរបួសធ្ងន់ធ្ងរ ភ្លាមៗនោះសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់អ្នកបើកបររថយន្តយកទៅប៉ុស្តិ៍ និងហៅរថយន្តសង្រ្គោះ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្តុបពេទ្យបញ្ញាសក្តិ តាមផ្លូវ២៧១ កែង៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ប្រភព័ត៌មានពីអ្នកដំណើរដែលឃើញហេតុការណ៍ បានប្រាប់ថា មុនកើតហេតុមានម៉ូតូបើកតាមផ្លូវ២៧១ បុរសដឹកស្រ្តីម្នាក់ពីក្រោយ ក្នុងទិសដៅពីលិចទៅកើត ដោយងងឹតនៅឡើយទេរួចមកដល់ស្តុបពេទ្យបញ្ញាសក្តិ ក៏មានរថយន្តបើកបញ្ច្រាសទិសគ្នា តែរថយន្តបត់ឆ្វេង ហើយបណ្ដាលឲ្យស្រ្តីអង្គុយពីក្រោយត្រូវរថយន្តកិនប្រអប់ជើងឆ្វេងបាក់ ហើយបុរសអ្នកបើកបោកផ្ទប់ទៅរថយន្តសន្លប់ស្ដូក ក្រោយកើតហេតុសមត្ថកិច្ចឃាត់បុរសអ្នកបើករថយន្តយកទៅប៉ុស្តិ៍ និងមានរថយន្តមន្ទីរពេទ្យមកយកទៅសង្រ្គោះ ។
អ្នកបើកបររថយន្តមានឈ្មោះ ងួន សុខស្រេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរបុគ្គលិកផែស្ងួត ហុង ឡេងហួរ ស្នាក់នៅភូមិសួងលិច ឃុំសួង ស្រុកសួង ខេត្តត្បូងឃ្មុំ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា មុនកើតហេតុគាត់ទើបបើកកុងតឺន័រពីផែនៅស្រុកកៀនស្វាយ មកដាក់នៅម្ដុំចំការដូង លុះមកដល់ចំណុចកើតហេតុ គាត់បើកតាមផ្លូវ២៧១ ពីកើតមកលិចរួចបត់ឆ្វេងបានបន្តិច ស្រាប់តែមានម៉ូតូបើកមកយ៉ាងលឿនបុកចំកង់រថយន្តមុខខាងឆ្វេងបណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់ តែគាត់មិនមែននិយាយបែបមិនទទួលខុសត្រូវទេ ដឹងថាបត់ខុស គឺម៉ូតូជាផ្លូវអទិភាព ក្រោយកើតហេតុខ្លួនបានទូរស័ព្ទប្រាប់ថៅកែឲ្យមកធ្វើការដោះស្រាយនិងទៅមើលជនរងគ្រោះ ។
ប្រភព័ត៍មានពីសមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌជ័យ ថា ដោយមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក ZOOMER X ជិះគ្នា២នាក់ ប្រុសជាអ្នកបើកស្រ្តីអង្គុយខាងក្រោយ បើកលឿនបញ្ច្រាសទិសរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែនស្ងួត ហុង ឡេងហួរ ពេលបត់ឆ្វេងបានបុកនឹងរថយន្តកុងតឺន័រ បណ្ដាលឲ្យរបួសធ្ងន់២នាក់ ត្រូវរថយន្តសង្រ្គោះដឹកយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរស្សុី) មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសភាពធ្ងន់ធ្ងរបានឆ្លងយោបល់លោកអធិការខណ្ឌប្រគល់ឲ្យទៅការិយាល័យនគរបាលចរចរាណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងប្រញាប់ កុំឲ្យលើសដល់ម៉ោង៧ ច្បាស់ជាស្ទះចរាចរណ៍ ក្រោយនគរបាលផ្នែកជំនាញមកដល់វាស់វែងរួច និងសមត្ថកិច្ចយើងប្រគល់អ្នកបើកបរ និងរថយន្តកុងតឺន័រឲ្យទៅធ្វើការសាកសួរបន្ត៕