ភ្នំពេញ ៖ ស្រ្តីម្នាក់យំសោកបោកខ្លួន បន្ទាប់ពីប្តឹងសមត្ថកិច្ចចាប់ក្មួយប្រុសបែកថ្នាំអុកឡុកអ្នកជិតខាងយកទៅមណ្ឌលកែប្រែ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ២៩ ផ្លូវលំ ក្រុម២៨ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
យុវជនបែកថ្នាំមានឈ្មោះ ឌូ សាយ័ន អាយុ២២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ស្រ្តីមានឈ្មោះ ង៉ែត កៅធុច ភេទស្រី អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើបានប្រាប់អ្នកយកព័ត៍មានទាំងទឹកភ្នែកស្ដាយក្មួយប្រុសគាត់គួរឲ្យស្រលាញ់ តែរូបគាត់ជាម្ដាយមីងធ្វើការអប់រំមិនបានល្អ ក្លាយខ្លួនជាអ្នកញៀនថ្នាំពេលប្រើប្រាស់ថ្នាំញៀន តែងតែអុកឡុកផ្ទះអ្នកជិតខាង តែមិនដែលធ្វើបាបអ្នកក្នុងផ្ទះទេ ហើយមានអារម្មណ៍រវើរវាយ និងមានស្រមោលអ្នកជិតខាងដេញវ៉ៃ ដោយអ្នកជិតខាងឧស្សាហ៍មកប្រាប់និងគំរាម បើមិនអប់រំឲ្យល្អប្រយ័ត្នគាត់ប្ដឹងប៉ូលិសចាត់ការតាមផ្លូវច្បាប់។
ស្រ្តីជាម្តាយមីងបានបន្តទៀតថា ដោយសារតែក្មួយប្រុសគាត់ប្រើប្រាស់ថ្នាំញៀនជាង២ឆ្នាំទៅហើយ បានទៅអុកឡុកអ្នកជិតខាង គាត់ខ្លាចអ្នកជិតខាងប្តឹងដាក់ទោសទណ្ឌ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចស្នើសុំជួយយកទៅមណ្ឌលកែប្រែឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀនធ្វើការកែប្រែខ្លួនចេញមកវិញ និងខ្លាចជាមនុស្សល្អកូនល្អដូចគេឯង ។
លោក វុឌ្ឍ ផូសារវ័ន្ត នាយប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ បានប្រាប់ថា មានម្ដាយមីងបង្កើតសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ជួយយកក្មួយប្រុសគាត់ចេញពីផ្ទះទៅមណ្ឌលអប់រំផ្ដាច់គ្រឿងញៀន៕