ភ្នំពេញ : សមត្ថកិច្ចចំរុះចុះចាប់ល្បែងសុីសងហ្គេមបាញ់ត្រី លួចលាក់ក្នុងផ្ទះ១ល្វែង ហើយត្រូវអាជ្ញាធរធ្វើការដកហូតបានតែសំបកទូរហ្គេមប៉ុណ្ណោះ ដោយគ្រឿងក្នុងម្ចាស់ដោះយកចេញទៅបាត់ កាលវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៧B ក្រុម២៧ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
រសៀលនេះដោយមានការដឹកនាំលោកអភិបាលខណ្ឌចំការមន ចុះបង្រ្កោបល្បែងសីុសងខុសច្បាប់ (ហ្គេមបាញ់ត្រី) លួចលាក់ក្នុងផ្ទះល្វែងមួយកន្លែង តែសង្ស័យម្ចាស់ដឹងមុនពេលសមត្ថកិច្ចចុះមកដល់ នៅសល់តែសំបកទូរ ចំណែកគ្រឿងក្នុងត្រូវថៅកែដោះយកចេញអស់ហើយ ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា សមត្ថកិច្ចបានសហការជាកម្លាំងគណ:បញ្ជាការពារឯកភាពសាលាខណ្ឌ ចុះធ្វើការដកហូតទូរហ្គេមបាញ់ត្រីចំនួន១ទូរ ក្នុងផ្ទះល្វែង ហើយករណីចុះបង្រ្កោបនេះមិនបានធ្វើការឃាត់ខ្លួនអ្នកមេលេង ឬអ្នកមើលការខុសត្រូវទេ ដោយគ្រាន់តែធ្វើការអប់រំ ចំណែកផ្ទះបិទទ្វាជាបណ្ដោះអាសន្ន និងហៅម្ចាស់ទីតាំងមកធ្វើកិច្ចសន្យាចំណែកទូរហ្គេមបាញ់ត្រី យករក្សាទុកនៅសាលាសង្កាត់ផ្សារដើមថ្កូវ ជាបណ្ដោះអាសន្ន៕