ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូ ZOOMER X ចេញពីកោះពេជ្រ ប្រញាប់ទៅយកមិត្តភក្តិនៅម្តុំសួន ច្បារក្តាន់ពីរ បានបើកជែងខាងឆ្វេងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យទាក់ដៃចង្កូតនឹងកញ្ចក់រថយន្ត ដួលបោកថ្នល់អូសជាង២០ម៉ែត្រ មនុស្សបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម៏ ចំណែកម៉ូតូរងការខូចខាត ហេតុការណ៍ដ៏រន្ធត់នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខអគារសន្តិភាព តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ គួយ ឆេកូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅម្តុំ
គីឡូលេខ៩ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិជុំរះពេន ស្រុកសំរោង ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER X ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១GC-៨២០៩។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះមួយគ្រឿង ម៉ាក ZOOMER X ទើបតែជិះចេញមកពីកោះពេជ្រ ហើយប្រញាប់ទៅយកមិត្តភក្តិនៅម្តុំសួនច្បារក្តាន់ពីរ ដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ទិសដៅពីកើតទៅលិចក្នុងល្បឿនបោះពួយយ៉ាងលឿន។
លុះមកដល់ចំណុចកើតហេតុក៏បានបើកជែងខាងឆ្វេងរថយន្តមួយគ្រឿង មិនចាំម៉ាកដែលបើកបរស្របទិសដៅ បណ្តាលឲ្យម៉ូតូរងគ្រោះទាក់ដៃចង្កូតនិងកញ្ចក់មើលក្រោយរថយន្តដួលបោកនឹងថ្នល់ អូសប្រមាណជា២០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកឯរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសាច់ញាតិរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុ និងបានស្រែកទ្រហោយំគួឲ្យសង្វេគ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូទៅរក្សទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរងចាំប្រគល់ទៅឲ្យសាច់ញាតិជនរងគ្រោះនៅពេលក្រោយ។ ចំណែកឯសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តតាកែវ៕