ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ បានឃាត់ខ្លួន បន្ទាប់ពីចេញពីក្លឹបធ្វើសកម្មភាពវាយប្លន់ម៉ូតូពីជនរងគ្រោះមិនបានសម្រេច កាលពីវេលាម៉ោង០១និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុង វេងស្រេងចំណុចទល់មុខជិតក្លឹបហ្វាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ មានឈ្មោះ ម៉ុល សុធារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិតឆ្នាំទី១ ផ្នែកច្បាប់ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-9348 ជិះគ្នា២នាក់ ក្នុងទិសដៅពីកើតទៅលិច ។ ជនសង្ស័យទី២ មានឈ្មោះប៉ុក ហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ផ្កា ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះទី១ មានឈ្មោះ លុយ កាតាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករផលិតទឹកបិរសុទ្ធលី យ៉ុង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូម៉ាក ZOOMER X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DQ-3800 ជិះគ្នា២នាក់បងប្អូនជីដូនមួយ ក្នុងទិសដៅកើតទៅលិច។ ជនរងគ្រោះទី២ មានឈ្មោះយ៉ង់ សុកុម្ភៈ ភេទប្រុសអាយុ១៩ឆ្នាំ ធ្វើការនិងស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចប៉ុសិ៍្តចោមចៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានចេញល្បាតក្នុងមូលដ្ឋានភូមិសាស្រ្តរបស់ខ្លួន ដោយមានម៉ូតូចំនួន៣គ្រឿង មានគ្នា៦នាក់ បានប្រទះឃើញជនសង្ស័យចំនួន៦នាក់ កំពុងជិះម៉ូតូហូតខ្សែក្រវាត់ដេញវាយជនរងគ្រោះ បណ្តាលឲ្យដួលបែកក្បាល ហើយប៉ុនប៉ងប្លន់យកម៉ូតូ ក៏ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញបានជិះម៉ូតូដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង រត់គេចទៅបុករថយន្តក្រុងចតចោល បណ្តាលឲ្យដួលត្រូវសមត្ថកិច្ចឃាត់បាន២នាក់ ភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី ៕

