ភ្នំពេញ៖ នារីម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវ ត្រូវជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេចហើយ បណ្តាលឲ្យនារីរូបនោះដួលម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង៨យប់ ទល់មុខនិងស្ថានីយប្រេងឥន្ធន:តូតាល់ ផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថាជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-4558 ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីរូបនោះ បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ បានធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង តែមិនដឹងថា គោលបំណងទៅណានោះទេ ខណៈមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក បានជិះទៅជិត រួចហើយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីនារីរងគ្រោះបានសម្រេច និងធ្វើឲ្យនារីរូបនោះដួលម៉ូតូបោកក្បាល់ទៅនឹងផ្លូវរងរបួសបែកក្បាលសន្លប់ស្តូកស្តឹង ភ្លាមៗនោះជនសង្ស័យ័បានបន្ថែមល្បឿនម៉ូតូបើករត់គេចខ្លួនបាត់ស្រមោល។
បន្តិចក្រោយមកឃើញ មានសមត្ថកិច្ចមូលដ្ធានបានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានទំនាក់ទំនងហៅរថយន្តសង្គ្រោះឲ្យមកដឹកជនរងគ្រោះទៅគ្លីនិកឯកជន ហុងហាក់ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលបឹងទំពុន។ ចំណែករបស់របរដែលជនសង្ស័យឆក់យកទៅនោះ មិនទាន់ដឹងថាមានអ្វីខ្លះនោះទេ ពីព្រោះជនរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយ ៕