ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូឌុបប្រពន្ធនិងកូនទៅបុកគូទរថយន្តមួយគ្រឿង បណ្តាលឲ្យកូនរងរបួសបែកមាត់ និងពកក្បាល ភ្លាមៗនោះស្ត្រីជាប្រពន្ធបានលើកកូនជិះម៉ូតូឌុបដឹកកូនទៅព្យាបាលនៅពេទ្យ ហើយទុកឲ្យប្តីជិះម៉ូតូតែម្នាក់ឯងតាមក្រោយ ខណៈពេលនោះបុរសជាប្តីជិះប្រញាប់ទៅមើលកូននៅមន្ទីរពេទ្យ បានបើកឆ្លងផ្លូវទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលបោកទៅនិងថ្នល់ដាច់ខ្យល់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៌ ហេតុការណ៍ដ៏រន្ធត់នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខមន្ទីរសំរាកព្យាបាលនិងសម្ភពឈូកមាស តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខុន ពិសិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេការដំឡើងគ្រឿងសង្ហារឹម ក្រុមហ៊ុនផិញធី ស្នាក់នៅភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិបូសខ្នោ ស្រុកចំការលើ ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ ហីម មាឡៃ អាយុ២៦ឆ្នាំ មុខរបរជាអ្នកដាំបាយក្នុងក្រុមហ៊ុនផិញធី ស្នាក់នៅជាមួយគ្នា និងមានកូនប្រុសម្នាក់ទៀត អាយុ៣ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១DF-១៩៨៩ ។
តាមប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូខាងលើក្នុងស្ថានភាពស្រវឹងស្រាឌុបប្រពន្ធនិងកូនពីក្រោយ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើង លុះជិះមកដល់ចំណុចខាងមុខផ្សារឈូកមាស ក៏បានជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ដែលធ្វើដំណើរស្របទិសគ្នាបណ្តាលឲ្យម៉ូតូដួលរងរបួសកូនប្រុសបែកមាត់និងពកក្បាល ចំណែករថយន្តមិនចង់មានរឿងវែងឆ្ងាយក៏បន្តដំណើរទៅបាត់ ដោយមិនទាមទារសំណង់អ្វីពីបុរសរងគ្រោះនោះទេ។
ប្រភពដដែលបានបន្តថា បន្ទាប់មកស្ត្រីជាប្រពន្ធបុរសរងគ្រោះបានទុកប្តីចោល ហើយឡើងជិះម៉ូតូឌុបដឹកកូនយកទៅព្យាបាលនៅមន្ទីរសំរាកព្យាបាលនិងសម្ភពផ្សារឈូកមាស ។ ក្រោយមកបុរសរងគ្រោះជាប្តីបានលើកម៉ូតូបំណងជិះតាមទៅមើលប្រពន្ធនិងកូន តែត្រូវប្រជាពលរដ្ឋដែលរស់នៅក្បែរនោះឃាត់មិនឲ្យបន្តដំណើរទៅមុខទៀត ព្រោះខ្លាចមានគ្រោះថ្នាក់ ទោះជាប្រជាពលរដ្ឋព្យាយាមឃាត់យ៉ាងណា ក៏បុរសរងគ្រោះនៅតែមិនស្តី ហើយបានជិះម៉ូតូបន្តដំណើរទៅមុខទៀតក្នុងល្បឿនបោះពួយយ៉ាងលឿន ព្រោះប្រញាប់ទៅមើលកូន ។ លុះមកដល់ចំណុចកើតហេតុបុរសរងគ្រោះបានបើកម៉ូតូបត់ឆ្វេងឆ្លងផ្លូវចូលគ្លីនិក ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ដែលបើកបរបញ្ច្រាសទិសចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបុរសរងគ្រោះបោកទៅនិងថ្នល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯម៉ូតូរងការខូចខាតបែកចង្កៀង និងក្បាំង ចំណែកឯរ៉ឺម៉កម៉ូតូបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធបានរត់បីកូនប្រុសមកកន្លែងកើតហេតុ រួមទាំងសាច់ញាតិរបស់ជនរងគ្រោះហើយបានស្រែកទ្រហោយំគួរឲ្យសោកសង្វេគជាខ្លាំង បង្កឲ្យប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើន។ បន្ទាប់សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុហើយ បានប្រគល់សពបុរសរងគ្រោះ រួមទាំងម៉ូតូទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯវត្តក្រាំងធ្នង់ ៕