ភ្នំពេញ៖ ជិះម៉ូតូកៀររថយន្តខូចខាតតិចតួច ទូរស័ព្ទហៅសាច់ញាតិមកកាង ទះកំផ្លៀងស្រ្តីជាអ្នកបើករថយន្តមួយកំផ្លៀង ហើយបើករថយន្តរត់គេចខ្លួន បន្សល់ទុកម្ចាស់រថយន្តនិងម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៤៥នាទីទៀបភ្លឺនៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិច ច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ។

នារីរងគ្រោះមានឈ្មោះ លឹម សុខហៀក ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងបុរីពិភពថ្មីចំការដូង ផ្ទះលេខ២១ ផ្លូវលេខ១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ចំណែកបីនាក់ទៀតដែលរួមដំណើរជាមួយ មិនបានអោយដឹងឈ្មោះទេ ចំណែកតំណាងឲ្យជនបង្កបើករថយន្តចេញទៅ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដែលមានកាំភ្លើង មានឈ្មោះវណ្ណ វិរៈភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្ដាល ដកហូតកាំភ្លើងខ្លី ម៉ាកប៉េអាតា មួយដើម មានលិខិតឧទ្ទេសនាមត្រឹមត្រូវ និងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GC-8167 មួយគ្រឿង ។
តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នា៤នាក់ ប្រុសម្នាក់និងស្រីបីនាក់ ហើយរូបគាត់ជាអ្នកបើករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO-7808 ចេញពីផ្សារកុងតឺន័រ គោលបំណងត្រឡប់ទៅផ្ទះនៅក្នុងបុរីពិភពថ្មីចំការដូង ដោយបានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុជិតរោងចក្រគួងហុង ក៍ស្រាប់តែមានម៉ូតូ៣គ្រឿង មិនចាំម៉ាក បានជិះមកជែងរថយន្តរបស់គាត់ ក្នុងនោះម៉ូតូ២គ្រឿងបានបើកវ៉ាជែងទៅផុតហើយ នៅសល់ម៉ូតូមួយគ្រឿងទៀតជែងមិនផុត ក៏ជ្រុលទៅប៉ះជាមួយរថយន្តរបស់គាត់បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច តែមិនមានរងរបួសទេ ។

ប្រភពដដែលបានបន្តទៀតថា នៅពេលដែលប៉ះហើយ រូបគាត់ជាស្រីមិនហ៊ានឈប់ទេ បានបើករថយន្តទៅដល់ច្រមុះជ្រូកក្បាលថ្នល់ ក៍ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX330 មួយគ្រឿងបើកបរដោយបុរសជាអនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ បានបើកមកកាក់ពីមុខរថយន្តរបស់គាត់ រួចហើយបានចុះពីលើរថយន្តប្រាប់ឲ្យរូបគាត់សុំទោស ពេលនោះរូបគាត់មិនទាន់បានសុំទោសផង ក៍ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ មួយគ្រឿង បានចុះពីលើម៉ូតូមកទះកំផ្លៀងគាត់មួយដៃ រួចហើយបុរសដែលទះកំផ្លៀងនោះបានឡើងបើករថយន្តឡិចស៊ីសរបស់អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ ចេញទៅបាត់ នៅតែម្ចាស់រថយន្តឡិចស៊ីស ស្ថិតក្នុងសភាពស្រវឹងផងនោះ និយាយអួតអាងមិនខ្លាចនរណា និងសល់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ មួយគ្រឿង នៅកន្លែងកើត។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បានចុះទៅដល់កន្លែងកើតហេតុ បានសាកសួរពីដំណើររឿង រួចហើយបាននាំខ្លួនបុរសម្នាក់ជាម្ចាស់រថយន្តឡិចស៊ីសRX330 ដែលបានដែលបានឲ្យជនបង្កដែលទះកំផ្លៀងស្រ្តីជាអ្នកបើករថយន្ត បានជិះរថយន្តរបស់គាត់រត់គេចខ្លួននិងនារីរងគ្រោះយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ។
ដោយឡែកនៅពេលដែលទៅប៉ុស្តិ៍ផ្សារដើមថ្កូវ សមត្ថកិច្ចក្រឡេកឃើញបុរសដែលអនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ មានកាំភ្លើងនៅជាប់នឹងខ្លួន ក៏បានដកហូតកាំភ្លើងខ្លីមួយដើម យកមកត្រួតពិនិត្យមើលមានលិខិតអនុញ្ញាតត្រឹមត្រូវឬអត់? ត្រូវបុរសនោះច្រង៉េង ច្រង៉ាងរើបំរះមិនព្រមឲ្យសមត្ថកិច្ចដកហូតកាំភ្លើងទេ ដោយបានបោះពាក្យសំដីថា ទោះបីជាមានបទបញ្ជាពីអធិការដ្ធានខណ្ឌ ក៍គាត់មិនខ្លាចដែរ។ ក្រោយមកទើបសមត្ថកិច្ចអាចដកហូតកាំភ្លើងខ្លីនោះយកមក មើលឃើញមានលិខិតឧទ្ទេសនាមត្រឹមត្រូវ។
ចំពោះស្រ្តីរងគ្រោះវិញបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីឲ្យជនបង្កដែលទះកំផ្លៀងរូបគាត់ចូលខ្លួនមកដោះស្រាយ តែបើមិនដូច្នេះទេ បុរសដែលជាអ្នកអោយជនបង្កបើករថយន្តរត់គេចខ្លួន គឺជាអ្នកទទួលខុសត្រូវ៕