ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល កំពុងតែដេញតាមជនសង្ស័យជាមុខសញ្ញាឆក់ប្រទះឃើញយុវជន២នាក់ មានភិនភាគស្រដៀងនឹងមុខសញ្ញាឆក់បានហៅឲ្យឈប់សួរនាំ មិនព្រមឈប់ ក៏បានដេញតាមកាក់បានចាប់វាយខ្នោះ ត្រូវយុវជនទាំង២នាក់ចោទថាប៉ុនប៉ងកៀបស៊ីម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអាធាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ១១១ នៅចំណុចម្តុំគីរីរម្យ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ជនរងគ្រោះទាំង២នាក់ ទី១. មានឈ្មោះគង់ លី អាយុ១៧ឆ្នាំ មុខរបរក្រុមហ៊ុម FTG ស្នាក់នៅទួលស្វាយព្រៃ២ ខណ្ឌ៧មករា មានស្រុកកំណើតនៅឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទី២. មានឈ្មោះញឺង ទិត្យ អាយុ២១ឆ្នាំ មុខរបរក្រុមហ៊ុន FTG ស្នាក់នៅទួលស្វាយព្រៃ២ ខណ្ឌ៧មករា មានស្រុកកំណើតនៅភូមិត្រពាំងក្រញូ ស្រុកត្រាំងកក់ ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីជនរងគ្រោះទាំង២នាក់ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់មានគ្នា២នាក់ បានចេញមកពីម្តុំព្រែកប្រា ខណ្ឌច្បារអំពៅ ទៅជួយលើកទឹកក្រូចកូកាកូឡា មិត្តភក្តិបងប្អូនរបស់គាត់ ខណៈដែលលើករួចហើយ ក៏ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខតាកែវ 1N-7924 ជាមួយអ្នកស្គាល់គ្នាចំនួន២ម៉ូតូទៀត ម៉ាកស៊ុយស៊ូគីឡេត ពណ៌ផ្កាឈូកលាយស និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៦ មិនចាំស្លាកលេខ គោលបំណងទៅផ្ទះនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន លុះពេលជិះម៉ូតូចុះមកពីស្ពានអាកាសច្បារអំពៅ វិញ ក៏ស្រាបតែមានទាំងសមត្ថកិច្ចពាក់ឯកសណ្ឋាន រួមនឹងកម្លាំងស៊ីវិលបានដេញគាត់រហូតមកដល់ចំណុចកើតហេតុខាងលើ ហើយដាក់ខ្នោះគាត់តែម្តង ភ្លាមៗនោះដែរជនរងគ្រោះទាំង២នាក់នោះ បានតវ៉ាបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើលស្មានថា សមត្ថកិច្ចកៀបស៊ី និងប៉ុនប៉ងប្លន់យកម៉ូតូ។
បើតាមសម្តីរបស់ខាងកម្លាំងព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ឲ្យដឹងថា គាត់កំពុងតែតាមដានមុខសញ្ញាឆក់ ហើយយុវជន២នាក់នោះស្រដៀងនឹងភិនភាគដែលគាត់តាម ទើបដេញតាមគាត់ឈប់ ដើម្បីសួរនាំនិងសុំឆែកឆេរ ប៉ុន្តែយុវជន២នាក់នោះមិនព្រមឈប់ ទើបគាត់កាក់ជាប់ហើយឈានទៅដល់ការដល់ខ្នោះតែម្តងទៅ មិនបានប៉ុនប៉ងប្លន់ម៉ូតូ រឺកៀបស៊ីម៉ូតូនោះឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹត ដឹកយុវជនទាំង២នាក់យកទៅសួរនាំរួចធ្វើការអប់រំ កុំឲ្យឃើញសមត្ថកិច្ចថ្ងៃក្រោយរត់គេចខ្លួនអីចឹង ខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង ៕