ភ្នំពេញ ៖ បុរសចិត្តសឿងម្នាក់ជាបុគ្គលិកហាងស៊ុប មានមាន ចូលទៅវាយបុគ្គលិកហាងស៊ុប ឡុកឡុក២ ដែលស្ថិតនៅទល់មុខគ្នា ពេលសមត្ថកិច្ចចុះអន្តរាគមន៍ត្រូវជនដៃដល់ដេញកាប់ ធ្វើឲ្យសមត្ថកិច្ចរត់ចោលម៉ូតូ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ១២២ កែងផ្លូវ២២៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ជនបង្កមានឈ្មោះ ឃឹម ឈុនហួរ អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហាង មានមាន ស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ហាងទាំង២ មានទីតាំងទល់មុខគ្នា ខណៈពេលកំពុងតែរៀបចំបិទហាង បុគ្គលិកហាងស៊ុប ឡុកឡុក២ ខ្លះអង្គុយលាងចានខ្លះទៀតរៀបចំតុកៅអី ស្រាប់តែជនបង្កខាងលើ មិនដឹងថាមានគុំនុំពីកាលណាមកនោះទេ បានដើរកាន់កាំបិតបុ័ងតោសំដៅទៅធាក់បុគ្គលិកហាង ឡុកឡុក២ ចំនួន២នាក់ កំពុងអង្គុយកើបសំរាម បណ្តាលឲ្យដួលដាច់ផ្ងារ រួចជនបង្កបានដើរទៅក្នុងហាងកាប់តុនិងចានជ័រខូចខាតមួយចំនួន និងស្រែកឡូឡាផ្អើលគេផ្អើលឯង។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកក៏ឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាន២នាក់ ចុះមកជួយអន្តរាគមន៍ បែរជាត្រូវជនបង្កយកកាំបិតដេញកាប់កំលាំងសមត្ថកិច្ច បណ្តាលឲ្យសមត្ថកិច្ចរត់ចោលម៉ូតូ ហើយថែមទាំងជេរសមត្ថកិច្ចនគរបាលថា ជាប៉ូលីសយួន បម្រើតែពួកយួន ។
ភ្លាមៗនោះ សមត្ថកិច្ចបានទាក់ទងហៅកំលាំងមកបន្ថែមជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនបង្កយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣។
បច្ចុប្បន្នជនបង្ករួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ កសាងសំណុំរឿងបញ្ចូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធី៕