ភ្នំពេញ៖ ហាងបាយមាន់ស្តុបទេពផន ដែលមានឈ្មោះល្បី និងមានភ្ញៀវចូលចិត្តមកញ៉ាំ វេចខ្ចប់ យកទៅផ្ញើជូនក្រុមគ្រួសារពិសារនៅតាមគេហដ្ឋាន ទាំងល្បីថាឆ្ងាញ់មាន់ស្រែ ទាំងគ្រឿងក្នុងមាន់ ទាំងសាច់មាន់ និងតម្លៃសមរម្យ ដែលមានទីតាំងនៅខាងជើងស្តុបទេពផន តាមបណ្តោយផ្លូវម៉ៅសេងទុង កែងផ្លូវលេខ១៦០ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរងការរិះគន់ពីប្រជាពលរដ្ឋធ្វើដំណើរថា បានយកចិញ្ចើមផ្លូវធ្វើជាចំណតរថយន្តភ្ញៀវ និងបង្កឲ្យមានការកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃ។
ប្រជាពលរដ្ឋជាអ្នកដំណើរ ក៏ដូចជាអ្នករស់នៅក្បែរទីតាំងនេះ បានឲ្យដឹងថា ទីតាំងលក់បាយមាន់នេះ គឺចាប់ផ្តើមលក់តាំងពីព្រឹករហូតមក ដោយនៅជុំវិញទីតាំងនេះគឺមានរថយន្តរបស់ ភ្ញៀវមកចតពេញចិញ្ចើមផ្លូវតែម្តង ហើយរថយន្តជាច្រើន គឺចតនៅកែងចិញ្ចើមផ្លូវតែម្តង ដែលបង្កឲ្យអ្នកធ្វើដំណើរពិបាកក្នុងការធ្វើដំណើរ និងជាពិសេសនោះ គឺអ្នកថ្មើរជើងរកចិញ្ចើមផ្លូវដើរមិនបាន។
បើទោះបីមានការណែនាំពីសំណាក់អភិបាលរាជធានីភ្នំពេញ ទៅដល់ចៅហ្វាយខណ្ឌទាំង១២ ត្រូវហាមប្រាមមិនឱ្យប្រជាពលរដ្ឋយកចំណីផ្លូវមុខផ្ទះធ្វើជាទីតាំងប្រកបអាជីវកម្ម និងណែនាំដល់ម្ចាស់អាជីវកម្មទាំងឡាយណាដែលយកចំណីផ្លូវ ធ្វើជាចំណតរថយន្ត និងម៉ូតូ ដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ក្នុងការណែនាំនេះ គេសង្កេតឃើញថា ខណ្ឌមួយចំនួនបានអនុវត្តន៍ការងារបានល្អប្រសើរគួរឲ្យកត់សម្គាល់ ។ ផ្ទុយទៅវិញចៅហ្វាយខណ្ឌមួយចំនួនទៀត ហាក់មិនសូវចាប់អារម្មណ៍ទាល់តែសោះ ជាក់ស្តែងនៅខណ្ឌទួលគោក ផ្ទាល់តែម្តង ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនៃការពង្រីកសន្តិសុខសណ្តាប់ធ្នាប់រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង មានប្រសាសន៍ថា ការសម្រេចយកផ្លូវធំៗ ចំនួន១១ ជាអាទិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន មហាវិថីព្រះនរោត្តម ព្រះស៊ីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ម៉ៅសេទុង កម្ពុជាក្រោម វិថីមុនីរ៉េត ហ្សាលដឺហ្គោល ផ្លូវ២៧១ និងផ្លូវលេខ៧០។
លោកអភិបាលរាជធានីបានបន្តថា ដំបូងយើងត្រូវធ្វើការផ្សព្វផ្សាយណែនាំមិនឱ្យប្រជាពលរដ្ឋយកចំណីផ្លូវមុខផ្ទះធ្វើជាទីតាំងប្រកបអាជីវកម្ម និងណែនាំដល់ម្ចាស់អាជីវកម្ម ទាំងឡាយណាដែលយកចំណីផ្លូវធ្វើជាចំណតរថយន្ត និងម៉ូតូ ដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោកក៏បានស្នើឱ្យមានការចូលរួមសហការពីអាជ្ញាធរដែនដី សង្កាត់ ខណ្ឌ ក៏ដូចជាកម្លាំងនគរបាលមានសមត្ថកិច្ច ពិសេសនគរបាលសណ្តាប់ធ្នាប់ ត្រូវសហការជួយជំរុញកិច្ចការងារនេះ ឱ្យទទួលបានជោគជ័យ៕