ភ្នំពេញ៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនដូចហោះជ្រុលចង្កូតទៅបុកឡើងសួនច្បាររង្វង់មូលស្ពានលោកឧកញ៉ាលី យ៉ុងផាត់ បែកកង់ទៅមុខលែងរួច ទើបបែកធ្លាយដឹកឈើប្រណីត កាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែសីហាុឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវអូឌឹម កប់ស្រូវ ត្រង់ចំណុចរង្វង់មូលស្ពានលោកឧកញ៉ា លី យ៉ុងផាត់ ផ្នែកខាងលិច ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
រថយន្តដែលដឹកឈើប្រណីតនោះ ម៉ាកសាំងយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S-7943 ដោយដឹកឈើប្រណីតខុសច្បាប់ ប្រភេទឈើធ្នង់ ចំនួន១៧កំណាត់ ទម្ងន់១.៩២៨ម៉ែត្រគូប (ជិត ២ម៉ែត្រគូប)។ ចំណែកឯអ្នកបើកបរ ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល។ រីឯម្ចាស់ឈើប្រណីត ក្រោយកើតហេតុមិនឃើញចេញមុខមកដោះស្រាយនោះឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿនេះ បានដឹកឈើធ្នង់មកពីខេត្តពោធិ៍សាត់ ចូលមកកាន់រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥។ លុះមកដល់ចំណុចក្រោមស្ពានលោកឧកញ៉ាលី យ៉ុងផាត់ បានបទស្តាំចូលផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿងយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ ស្រាប់បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនឡើងសួនច្បាររង្វង់មូលបែកកង់មុខក្រោយផ្នែកខាងឆ្វេង និងបែកកាទែហូរប្រេងម៉ាស៊ីនទៅមុខមិនរួច ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា រថយន្តបង្កដឹកឈើប្រណីតបែបនេះ ទើបរាយការណ៍និងប្រគល់ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ចុះអន្តរាគមន៍នាវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃដដែល ដោយស្ទូចរថយន្តនោះយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើព្រែកព្នៅ ដើម្បីបន្តនីតិវិធីតាមច្បាប់ព្រៃឈើ ៕