ភ្នំពេញ ៖ យុវជន៤នាក់ ជិះម៉ូតូត្រឡប់ពីផឹកស៊ីស្រវឹងគប់កញ្ចក់រថយន្ត ត្រូវរថយន្តដេញបុកពីក្រោយ បណ្តាលឲ្យស្លាប់១ រងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ចំណែករថយន្តបង្កបើករត់បាត់ស្រមោល កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៣ កែងផ្លូវបេតុង ការាស់សាំងសមប្រាថ្នា ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1W-7521 បើកបរក្នុងទិសដៅពីជើងទៅត្បូង ជិះគ្នា៤នាក់ ស្លាប់ម្នាក់ រងរបួសធ្ងន់២ និងស្រាលម្នាក់។ សពជនរងគ្រោះមានឈ្មោះ ឡូ គីមឡេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់នៅការាស់រថយន្តកុងតឺន័រហាក់ម៉ៅ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មំ ។ ម្ចាស់ម៉ូតូឈ្មោះយឿន សុឈីត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់នៅការាស់រថយន្តជាមួយគ្នា មានស្រុកកំណើតភូមិព្រៃល្វា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង២នាក់ទៀត មិនទាន់បានស្គាល់ឈ្មោះនៅឡើយ។
តាមសម្តីមិត្តភក្តិជនរងគ្រោះដែលរួមដំណើរជាមួយម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅដើរលេងផឹកស៊ីនៅម្តុំផ្លូវជាតិលេខ៣ ជិតសង្កាត់ចោមចៅ ដោយមានគ្នា៧នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមមួយគ្រឿង និង
ស្មាស១គ្រឿង ក្នុងនោះម៉ូតូម៉ាកហុងដាឌ្រីម ជិះគ្នា៤នាក់ និងម៉ូតូស្មាស ជិះគ្នា៣នាក់ ។ លុះពេលយប់ជ្រៅបាននាំគ្នាត្រឡប់ទៅការាស់រថយន្តរបស់ខ្លួនវិញ លុះបើកម៉ូតូជិតដល់ចំណុចកើតហេតុ មានទំនាស់ជាមួយរថយន្តមួយគ្រឿង ជាប្រភេទរថយន្តកូរ៉េទ្រុងពណ៌ស មិនចាំស្លាក់លេខ ជិះគ្នា២នាក់ បើកបរស្របគ្នា ហើយស្រាប់តែខាងភាគីរថយន្តបង្កបានយកដុំថ្មគប់ពួកគាត់ដែលជិះម៉ូតូម៉ាកស្មាស ធ្វើឲ្យពួកគាត់បានយកដុំថ្មគប់កញ្ចក់រថយន្តខាងលើវិញ ស្រាប់តែរថយន្តបង្កដេញបុកម៉ូតូម៉ាកស្មាស ពីក្រោយ បន្ទាប់មកម៉ូតូម៉ាក់ស្មាសបានគេចទៅផ្នែកខាងស្តាំផុត ហើយរថយន្តបង្កបានបើកបំបុកម៉ូតូរងគ្រោះហុងដាឌ្រីម ដែលជិះ៤នាក់ បានបន្ថយល្បឿនរង់ចាំម៉ូតូម៉ាកស្មាស ដែលជិះពីក្រោយ បន្ទាប់មករថយន្តបង្កបានបើកបុកម៉ូតូរងគ្រោះពីក្រោយពេញទំហឹងនៅមាត់ច្រកចូលទៅការាស់រថយន្ត បណ្តាលឲ្យអូសជាច្រើនម៉ែត្រ ហើយរថយន្តបង្កខាងលើបានបន្ថែមល្បឿនគេចខ្លួនបាត់ ធ្វើឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុម្នាក់ ២នាក់ទៀត រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ បានដឹកទៅសង្គ្រោះ នៅមន្ទីរពេទព្រះកុសមៈ ចំនួន២នាក់ ចំណែកម្នាក់ទៀតរងរបួសស្រាលមិនបានទៅព្យាបាលឡើយ ។
ក្រោយពេលកើតហេតុសពត្រូវបានបងប្អូនដែលធ្វើការជាមួយគ្នា បានហៅរថយន្តដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ខណ្ឌយកទៅរក្សាទុក ដើម្បីរង់ចាំប្រគល់ឲ្យបងប្អូនម្ចាស់ម៉ូតូវិញ ៕