ភ្នំពេញ : រថយន្ត២គ្រឿង បើកបរប្រញាប់រៀងខ្លួន រថយន្តបែនយីឌុបពណ៍ស ម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ ៣A-៩៥១១ បត់ស្ដាំលឿនពេក កៀររថយន្តបាឡែន ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ២L-៩១២៩ បណ្ដាលឲ្យខូចខាតខ្ទេចទ្វារថយន្តមួយចំហៀង ហេតុការន៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្តុបមន្ទីរពហុព្យាបាលបញ្ញាសក្តិ តាមផ្លូវ២៧១ កែងផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បុរសអ្នកបើកបររថយន្តបាឡែន បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បើករថយន្តតាមផ្លូវ៣៧១ ក្នុងទិសដៅពីផ្សារប៉េសេ មកស្តុបមន្ទីរពហុព្យាបាលបញ្ញាសក្តិ រួចបត់ស្ដាំ ស្រាប់តែរថយន្តបែនយីឌុបបើកស្របទិសគ្នាជាមួយ បត់កៀររថយន្តគាត់ពេញទំហឹង បណ្ដាលឲ្យកង់រថយន្តបែនខាងមុខ គៀបទា្វរថយន្តបាឡែន ខ្ទេចអស់ទ្វាមួយចំហៀងខាងស្ដាំ ហើយក៏ប្ដឹងសមត្ថកិច្ចចរាចរណ៍ឈរនៅគោលដៅស្តុប ឃាត់និងទាមទារសំណាងថ្លៃខូចខាត តែម្ចាស់រថយន្តបែនបង្កបាននិយាយថា អត់លុយទេ រង់ចាំតំណាងមេការមកសិន ទើបដឹង ក្រោយមកចាំយូរពេក គាត់បានប្តឹងអាជ្ញាធរមូលដ្ឋានឲ្យមកធ្វើការដោះស្រាយ ។
បុរសម្នាក់មានឈ្មោះ គង់ សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្តបែន ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកព័ត៍មានយើងថា ដោយមុនកើតហេតុគាត់ទើបតែដឹកថ្មចាក់ឲ្យការដ្ឋាននៅម្ដុំផ្សារប៉េសេ ហើយចាក់ថ្មរួច ក៏ត្រឡប់មកវិញគោលបំណាងទៅវាលស្បូវវិញ លុះមកដល់ចំណុចកើតហេតុគាត់បើកបរស្របទិសគ្នាជាមួយនិងរថយន្តបាឡែន តែរថយន្តបាឡែន បើកនៅខាងក្រោយគាត់ ហើយរថយន្តគាត់បត់ស្ដាំដោយមានការដ្ឋានជួសជុលផ្លូវនៅផ្លូវកែង ក៏បើកគួរផ្លូវឲ្យធំបន្តិច ដឹងអីរថយន្តបាឡែនបើកមកទទឹងរថយន្តរបស់គាត់បម្រុងវ៉ា តែមិនផុតត្រូវគាត់កៀរ បណ្ដាលឲ្យខូចខាតទ្វារថយន្តបាឡែន ហើយបើឲ្យគាត់សងទាំងស្រុង គឺមិនមានលទ្ធភាពទេ ណាមួយក៏គ្មានលុយរង់ចាំមេការតំណាងក្រុមហ៊ុនមកធ្វើការដោះស្រាយ បើសងឲ្យក្រុមហ៊ុនចេញ ទើបកាត់ប្រាក់ខែគាត់ជាក្រោយ។
សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌមានជ័យ បានប្រាប់ថា ដោយគ្រោះចរាចរណ៍រវាងរថយន្តបាឡែន ត្រូវរថយន្តបែនដឹកថ្មកៀរខូចខាតទ្វារថយន្តខាងស្ដាំ តែភាគីទាំងសងខាងទាមទារយកត្រូវរៀងខ្លួន មិនព្រមដោះស្រាយ ដោយរថយន្តខូចខាតធ្ងន់ធ្ងរផង ក៏ប្រគល់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ មកវាស់វែង ហើយរក្សាទុកជាបណ្ដោះអាសន្នសិន រង់ចាំដោះស្រាយពេលក្រោយ នេះហើយការបើកបរប្រញាប់ដូចគ្ នាពេលមានបញ្ហាគ្រោះចរាចរណ៍ ទាមទារយកត្រូវរៀងខ្លួន បើកបរត្រូវតែចេះអធ្យាស្រ័យ និងយោគយល់គ្នាទៅវិញទៅមក៕