Wednesday, September 24, 2025
Homeព័ត៌មានជាតិផ្លូវមួយខ្សែនៅមុខសាលាសង្កាត់ព្រៃស និងវត្តព្រះមធ្មត្រ័យ រងការខូចខាតយ៉ាងខ្លាំង អាជ្ញាធរមិនខ្វល់

ផ្លូវមួយខ្សែនៅមុខសាលាសង្កាត់ព្រៃស និងវត្តព្រះមធ្មត្រ័យ រងការខូចខាតយ៉ាងខ្លាំង អាជ្ញាធរមិនខ្វល់

ភ្នំពេញ ៖ ផ្លូវបេតុងមួយខ្សែនៅមុខសាលាសង្កាត់ព្រៃស និងវត្តព្រះមធ្មត្រ័យ ប្រវែង៥០០ម៉ែត បានរងការខូចខាត ក្លាយទៅជារណ្តៅយ៉ាងជ្រៅ និងមានការលិចទឹកផងដែរ ធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់ត្រូវលុយទឹកលុយភក់ទៅធ្វើឯកសារនៅសាលាសង្កាត់ និងធ្វើបុណ្យនៅវត្តព្រះមធ្មត្រ័យ ពេលដែលភ្លៀងធ្លាក់មកម្តងៗ  ហើយអាជ្ញាធរពុំមានលទ្ធភាពធ្វើការឈូសឆាយ ចាក់លុបបំពេញវិញនោះទេ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវបេតុងខាងលើ ខ្វះការថែទាំអ្វីដែលជាសមទ្ធិផលកើតឡើងហើយ ត្រូវបានខូចខាតទៅវិញ ចាប់តាំងពីខូចខាតតិចតួច រហូតទុកដល់ខូចធ្ងន់ធ្ងរ ប្រែក្លាយទៅជារណ្តៅទឹកបឹង។ ពលរដ្ឋបន្តទៀតថា ក្នុងមូលដ្ឋាន ទាំងពលរដ្ឋ ទាំងមន្រ្តី សម្បូរទៅដោយអ្នករកសុីជីកដឹកដី រថយន្តដឹកទំនិញធំៗ បើកឆ្លងកាត់បណ្ដោយឲ្យផ្លូវទៅជាបែបនេះ តែអ្វីរងការខូចខាតជាសម្បត្តិរួម កុំថាឡើងរថយន្តឆ្លងកាត់ សូម្បីតែដើរថ្មើរជើង ឬជិះកង់ម៉ូតូ ក៏វេទនាដែរ ប្រជាពលរដ្ឋបានត្រឹមទន្ទឹងរង់ចាំមើលពេលណាបានជួសជុលឡើងវិញ។

ប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា ផ្លូវនេះកាលពីមុនបានចាក់បេតុងស្អាតហើយ រួចក៏មានរថយន្តដឹកដីធុនធំៗ បើកឆ្លកកាត់បណ្ដាលឲ្យខូចបែកទៅ ហើយកាលពីមុនបោះឆ្នោត គេឃើញមានគ្រឿងចាក់មកឈូសឆាយគាស់កាយ ធ្វើឲ្យពួកគាត់នាំគ្នាត្រេកអរ តែដល់ពេលដែលបោះឆ្នោតចប់ ស្រាបតែបាត់គ្រឿងចាក់អស់រលីង បន្សល់ទុកផ្លូវនៅបែបនេះ។

ពួកគាត់បានលើកឡើងទៀតថា នូវពេលខាងមុខនេះ រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចូលមកដល់ ហើយបើផ្លូវនៅតែបែបនេះ តើឲ្យពួកគាត់ធ្វើដំណើដោយវិធីណា ដើម្បីមកធ្វើបុណ្យនៅវត្ត ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធគ្រប់ជាន់ថ្នាក់ ជាពិសេស លោកនុត ពុធដារ៉ា ដែលជាអភិបាលខណ្ឌដង្កោ មេត្តាចុះជួយមើលផ្លូវនេះផង។

បើតាមលោកចៅសង្កាត់ បានប្រាប់តាមទូស័ព្ទឲ្យដឹងថា ផ្លូវដែលរងការខូចខាតខាងលើ ខាងសាលាសង្កាត់ គ្មានលទ្ធភាពធ្វើទេ ព្រោះតែរូបលោកទើបឡើងមកកាន់ថ្មី ហើយផ្លូវនេះដែរលោកដឹងមានគំរោងធ្វើតាំងពីមុនបោះឆ្នោយមកម្ល៉េះ ហើយមានតែខាងសាលាខណ្ឌទេ។

ចំណែកលោកនុត ពុធដារ៉ា ដែលជាអភិបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ខាងសាលាខណ្ឌ ទុកឲ្យលោកចៅសង្កាត់ដែលទើបនឹងឡើងថ្មី ធ្វើសិនចុះ ប្រសិនបើខាងសាលាសង្កាត់ ធ្វើមិនកើតទេនោះ លោកនិងស្នើទៅខាងសាលារាជធានីភ្នំពេញ ឲ្យជួយធ្វើម្ដង៕

RELATED ARTICLES