ភ្នំពេញ៖ យុវជន៤នាក់បានជិះម៉ូតូចេញពីផ្ទះដើរលេងនៅតាមផ្លូវ លុះជិះដល់ពាក់កណ្តាលផ្លូវ ត្រូវបានជនមួយក្រុមទៀតមានគ្នា៥ទៅ៦នាក់ បានជិះម៉ូតូដេញតាមវាយ ធ្វើឲ្យរងរបួសធ្ងន់ម្នាក់និងស្រាល៣នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅជិតស្តុបផ្សារដើមគ ផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះ បុត្រ មុនីកវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្រោយផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកអ្នករងរបួសស្រាល មិនបានឲ្យដឹងឈ្មោះនោះទេ ។
តាមសម្តីជនរងគ្រោះដែលរងរបួសស្រាល បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ បានជិះម៉ូតូ ម៉ាក CITI plus ពណ៌ក្រហម អត់មានស្លាកលេខ គោលបំណងដើរលេងតាមដងផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើត ខណៈពេលនោះក៍ស្រាប់តែមាន បុរស៥ទៅ៦នាក់ បានជិះម៉ូតូ៣គ្រឿង មានម៉ាកនិច និងម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀតមិនចាំម៉ាក ហើយម្នាក់ៗបានកាន់ដុំថ្ម និងមួកសុវត្តិភាព បានជិះម៉ូតូធ្វើសកម្មភាពដេញវាយពួកគេ ធ្វើឲ្យពួកគេភ័យពេក បានជិះម៉ូតូចូលទៅកន្លែងលក់មីឆា និងគុយទាវ ឲ្យគេជួយ តែពេលនោះក្រុមជនទាំងនោះបានដេញវាយពួកគេដល់កន្លែងលក់មីឆាថែមទៀត បណ្តាលឲ្យមិត្តភក្តិគេម្នាក់រងរបួស ចុកឆ្អល់ដួលនៅកន្លែង ចំណែកពួកគេបីនាក់អត់មានរងរបួសនោះទេ ដោយសារគេចខ្លួនរួច ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីវាយពួកគេរួចហើយ ពួកក្រុមជនបង្កបាននាំជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់ទៅ ។
ក្រោយពេលកើតហេតុ ឃើញសមត្ថកិច្ចចុះទៅកន្លែង រួចហើយបានសាកសួរពីដំណើររឿង រួចហើយក៍បានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងសាឡាង ពីព្រោះជនរងគ្រោះបានស្គាល់មុខជនបង្ក៕