ភ្នំពេញ ៖ បុរសម្នាក់បានត្រឹមរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីមានជនសង្ស័យធ្វើសកម្មភាពកាត់សោទ្វាររបងផ្ទះជួល ចូលលួចម៉ូតូរបស់ខ្លួនទៅបាត់ ខណៈដែលកំពង់លង់លក់ក្នុងដំណេក បន្ទប់ជួលជាន់ទី២ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកចាក់សាំងក្រុមហ៊ុនតេលា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ តែស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ជនរងគ្រោះអះអាងថា ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GV-6503 ជាម៉ូតូបង់រំលស់ ហើយនៅក្រោមកែបម៉ូតូមានឯកសារមួយចំនួនទៀត។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែសីហា ក្រោយវិលពីធ្វើការងារវិញ ម៉ូតូចតទុកដាក់ខាងក្រោម ជាមួយម៉ូតូអ្នកផ្សេង សរុប៣គ្រឿង ហើយឡើងទៅបន្ទប់ដេកសម្រាកនៅជាន់ទី២បាត់ទៅ លុះរហូតដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ភ្ញាក់ពីដំណេករៀបចំខ្លួនចុះមករកម៉ូតូ ដើម្បីឌុបប្រពន្ធទៅធ្វើការ ស្រាប់តែបាត់ម៉ូតូរបស់ខ្លួនមួយគ្រឿង ម៉ូតូអ្នកផ្សេង២គ្រឿងទៀតនៅដដែល ទើបឆោឡោ ។
ក្រោយដឹងថាម៉ូតូត្រូវលួចបាត់ទៅហើយ ជនរងគ្រោះបានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយស្រាវជ្រាវ ៕