Wednesday, September 24, 2025
Homeព័ត៌មានជាតិរថយន្តដឹកទឹកកកបើកលឿនពេក ដាច់កង់ក្រោយ ក្រឡាប់​ចាក់ទឹកកកចោលពេញផ្លូវ

រថយន្តដឹកទឹកកកបើកលឿនពេក ដាច់កង់ក្រោយ ក្រឡាប់​ចាក់ទឹកកកចោលពេញផ្លូវ

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បោះពួយយ៉ាងលឿន ធ្វើឲ្យដាច់កង់ក្រោយរថយន្ត បណ្តាលឲ្យក្រឡាប់ផ្ងាជើង​ចាក់ទឹកកកចោលពេញផ្លូវ ​ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ​តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ខាងមុខក្រសួងការងារ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ២B-៨៥៤៥ ជាប្រភេទរថយន្តកូរ៉េដឹកទឹកកក ទើបតែដឹកទឹកកកចេញមកពីម្តុំទួលសង្កែ បំណងយកទៅដាក់ឲ្យម៉ូយនៅម្តុំលូប្រាំ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនបោះពួយយ៉ាងលឿន ​លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តចាក់កង់ក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យចាក់គួរក្រឡាប់ផ្ងារជើងចាក់ទឹកកក់ចោលពេញផ្លូវតែម្នាក់ឯង ភ្លាមនោះអ្នកបើករថយន្តបានលោតចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល គួរបញ្ចាក់ថា ក្នុងករណីខាងលើនេះមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ហើយដោយរថយន្តខាងលើ មិនបង្កឲ្យរងការខូចខាតដល់សម្បត្តិសាធារណៈ និងអ្នកដទៃ ទើបសមត្ថកិច្ចព្រមឲ្យម្ចាស់រថយន្តធ្វើការស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES