កណ្តាលៈ ទីតាំងកត់ឆ្នោតវៀតណាម ជ្រកក្រោមស្លាកឆ្នោតខ្មែរ មានអាជ្ញាប័ណ្ណត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកណ្តាល ធ្វើការបង្រ្កាបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ឃុំស្វាយរលំ និងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពពីមន្ត្រីនគរបាលខេត្តកណ្តាល បានឲ្យដឹងថា មុននឹងឈានដល់បង្រ្កាបទីតាំងកត់កន្ទុយលេខខាងលើនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល បានទទួលពាក្យបណ្តឹងពីតំណាងក្រុមហ៊ុនឆ្នោតខ្មែរ ដែលមានអាជ្ញាប័ណ្ណថា នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងភូមិសាស្ត្រឃុំស្វាយរលំ-ឃុំសិត្បូ ស្រុកស្អាង មានមេកន្ទុយលេខជាច្រើននាក់ បានយកយីហោឆ្នោតរបស់ខ្លួនទៅបិទមុខ ដើម្បីកត់ឆ្នោតវៀតណាម ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងលោកឧត្តមសេនីយ៍ត្រី រឿង ណារ៉ា ស្នងការរង បានសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងសុំការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល ចុះសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ធ្វើការស្រាវជ្រាវ និងបង្រ្កាបទីតាំងកត់ឆ្នោត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងភូមិសាស្ត្រឃុំស្វាយរលំ-ឃុំសិត្បូ ស្រុកស្អាង ។
ជាលទ្ធផល សមត្ថកិច្ចធ្វើការបង្រ្កាបបាន៨ទីតាំង ក្នុងនោះនៅភូមិសាស្ត្រក្រុងតាខ្មៅ០៣ទីតាំង និងភូមិសាស្ត្រឃុំស្វាយរលំ-ឃុំសិត្បូ ស្រុកស្អាង០៥ទីតាំង ឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធជាច្រើននាក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕