ភ្នំពេញ ៖ នារីជាកម្មការិនីកាត់ដេរម្នាក់ មានសង្សារហើយលួចទាក់ទងសង្សារថ្មីម្នាក់ទៀត ធ្វើឲ្យសង្សារចាស់ខឹងគំរាមកំហែងរកសម្លាប់ចោល ព្រមទាំងនាំបក្ខពួក១០នាក់ មកចាំកាប់សម្លាប់សង្សារថ្មី និងចាក់សោបង្ខាំងទុកក្នុងបន្ទប់ជួល ធ្វើឲ្យនារីរងគ្រោះភ័យប៉ុនប៉ងចងកសម្លាប់ខ្លួននិងលេបថ្នាំធ្វើអត្តឃាតសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណទេ សន្លប់ស្តូកស្តឹង អាយុជាង២០ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ ចំណែកបក្ខពួកជនសង្ស័យឃាត់ខ្លួនបាន៣នាក់ ទី១ ឈ្មោះព្រាប ណុយ អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល ជាអ្នកកាន់ដាវ ទី២ ឈ្មោះ ហម អេ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី៣ ឈ្មោះ វ៉េត វ៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់សាច់ជ្រូក ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល រីឯជនដៃដល់ដែលជាសង្សាររបស់នារីរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះថា ម៉ាប់ ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះជួល បាននិយាយថា មុនពេលកើតហេតុ ប្រមាណជាងមួយខែមុន នារីរងគ្រោះខាងលើមានទំនាក់ទំនងស្នេហាជាមួយជនដៃដល់ម្នាក់ ឈ្មោះម៉ាប់ និងបានមកលេងនៅបន្ទប់ជួលរបស់នារីរងគ្រោះ ហើយគាត់ឃើញបុរសខាងលើមិនដែលស្គាល់ និងមានសភាពមិនសូវស្រួល បង្កភាពមិនប្រក្រតីនៅផ្ទះជួលរបស់គាត់ ក៏បម្រុងហៅសមត្ថកិច្ចឃាត់ដែរ ប៉ុន្តែនារីរងគ្រោះខាងលើនិយាយថា ឃាត់អីគាត់ជាសង្សារបស់ខ្ញុំតើ! ទើបគាត់មិនបានប្តឹងផ្តល់ទេ។ លុះនៅវេលាម៉ោង៦ល្ងាច នៅថ្ងៃកើតហេតុខាងលើ ជនបង្កឈ្មោះម៉ាប់ មានទំនាស់ជាមួយនារីរងគ្រោះសង្ស័យរឿងប្រចណ្ឌ បានបោកទូរស័អស់មួយគ្រឿង មិនស្គាល់ម៉ាក។ បន្ទាប់មកជនដៃដល់បានចេញទៅបាត់ ដោយឃើញបន្ទប់ចាក់សោរពីខាងក្រៅ ស្មានថាមិនមានមនុស្ស ។ លុះនៅម៉ោងកើតហេតុខាងលើ ស្រាប់តែអ្នកនៅជិតបន្ទប់កើតហេតុបានប្តឹងសមត្ថកិច្ចថា នារីរងគ្រោះត្រូវគេបង្ខាំងនៅក្នុងបន្ទប់ ហើយមិនបានដឹងថា មានបក្ខពួកជនដៃដល់គំរាមសម្លាប់នារីរងគ្រោះទេ ទាល់តែកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ បានចុះទៅអន្តរាគមន៍គាស់បន្ទប់ស្រាប់តែឃើញនារីរងគ្រោះលេបថ្នាំសម្លាប់ខ្លួន សន្លប់ស្តូកស្តឹងនៅក្នុងបន្ទប់ ថែមទាំងមានខ្សែចងកនៅក្នុងបន្ទប់ជួលរបស់ខ្លួនផងដែរ មិនដឹងថាមានរឿងអីកើតឡើងចំពោះនារីរងគ្រោះទេ បានជានាងដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងបែបនេះ ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបានឃាត់ជនសង្ស័យ៣នាក់ មានដាវមួយដើម កំពុងតែដើររេរានៅផ្លូវឌឿងហែមជិតផ្ទះជួល កើតហេតុខាងលើ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ។ ដោយឡែកនារីរងគ្រោះត្រូវបានបងប្អូនដឹកយកទៅគ្លីនិកឯកជន មិនហ៊ានទទួលព្យាបាលបានបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសមៈ ដើម្បីលាងក្រពះរួច បានដឹងខ្លួនឡើងវិញហើយ តែនាងមិនព្រមនិយាយស្តីអ្វីទាំងអស់ ។
ពេលសមត្ថកិច្ចសាកសួរជនសង្ស័យ៣នាក់ ដែលឃាត់ខ្លួន បានសារភាពថា ខ្លួនបានស្គាល់គ្នាជាមួយឈ្មោះ ម៉ាប់ ដែលធ្លាប់ចេញលុយឲ្យពួកគេចូលក្លឹបផឹកស៊ីកន្លងមក ទើបពួកគេរាប់អានគ្នាជាមិត្តភក្កិ ប៉ុន្តែទើបនឹងស្គាល់គ្នាមិនសូវជិតស្និទ្ធទេ ។ មុនពេលកើតហេតុឈ្មោះ ម៉ាប់ បាននាំបក្ខពួកចំនួន១០នាក់ ប្រដាប់ដោយដាវមួយដើម ដើម្បីចាំកាប់សម្លាប់ប្រុសថ្មី
សង្សាររបស់គេ មិនទាន់ទាំងបានកាប់ផង ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័ទាំង៣នាក់ខាងលើ ត្រូវបាននគរបាលប៉ុសិ៍ចោមចៅ កសាងសំណុំរឿងទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី ៕