ភ្នំពេញ៖ ហាងម៉ាស្សាកោសជប់លួចប្រព្រឹត្តសញ្ចាកម្មមួយកន្លែង ស្ថិតនៅតាមផ្លូវ២០០៤ ត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃ ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនីតិជន ចុះទៅបង្ក្រាបនិងឃាត់ខ្លួនថៅកែស្រីម្នាក់ជាមេក្លោង ព្រមទាំងរំដោះស្រ្តីរងគ្រោះ៦នាក់ទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យជាមេក្លោងបើកហាងកោសជប់លួចបម្រើសេវាផ្លូវភេទ ត្រូវបានគេស្គាល់ឈ្មោះ មេ ស៊ីថា ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងហាងកើតហេតុខាងលើ ចំណែកបុរសជាប្តី រត់គេចខ្លួនបាត់ ។ រីឯជនរងគ្រោះទាំង៦នាក់ សុទ្ធតែស្រីត្រូវបានគេស្គាល់ ទី១. ឈ្មោះ យាន សម្ជស្ស អាយុ២៣ឆ្នាំ ទី២. ឈ្មោះ តាវ ស្រីមុំ អាយុ២៥ឆ្នាំ ទី៣. ឈ្មោះ ឡាយ ស្រីធី អាយុ២៥ឆ្នាំ ទី៤. ឈ្មោះចន ស្រីប៉ុក អាយុ២៥ឆ្នាំ ទី៥. ឈ្មោះ បាត់ បញ្ញា អាយុ២៤ឆ្នាំ និងទី៦ ឈ្មោះ ម៉ែន សានី អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅហាងកើតហេតុខាងលើ។
តាមប្រភពពត៌មានពីលោកឧត្តមសេនីយ៍ត្រី សំបូរ មាណ្ណារិទ្ធ អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា មុនពេលឈានដល់ការបង្ក្រាបជនសង្ស័យជាមេក្លោងបើកហាងម៉ាស្សាលួចលាក់បម្រើផ្លូវភេទ សមត្ថកិច្ចធ្វើការស្រាវជ្រាវដឹងហើយ បានស្នើសុំឯកឧត្តមព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកគុជ គីមឡុង ព្រះរាជរាជ្ញារង ដើម្បីចុះបង្ក្រាបហាងម៉ាស្សាកោសជប់បំភាន់ភ្នែកសមត្ថកិច្ចការពិតលួចលាក់ប្រព្រឹត្តអំពើសញ្ចាកម្ម។
ការចុះបង្ក្រាបនេះធ្វើឡើងដោយមានការចូលរួមពីក្រឡាបញ្ជី លោកគុជ គីមឡុង ព្រះរាជ
រាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកផ្ទាល់អង្គការការពានិងងសេចក្តីស្រឡាញ់ លោកនាយប៉ុស្តិ៍កាកាប១ មេភូមិ ព្រមទាំងកម្លាំងនគរបាលជាច្រើនរូបទៀត បានចុះឆែកឆេរផ្ទះម៉ាស្សាកោសជប់បាន៤បន្ទប់ ក្នុងនោះបន្ទប់ទី១ មានស្រោមអនាម័យ មិនទាន់ប្រើប្រាស់ចំនួន៣ប្រអប់តូច និងបន្ទប់៣ទៀត សុទ្ធតែមានស្រោមដែលប្រើរួចដូចគ្នា និងមានស្រ្តីរងគ្រោះចំនួន៦នាក់ ព្រមទាំងស្រ្តីជាម្ចាស់ហាងម្នាក់ ចំណែកបុរសជាប្តីរត់គេចខ្លួនបាត់ ។
បន្ទាប់ពីសមត្ថកិច្ចចុះទៅឆែកឆេរឃើញជាក់ស្តែងហើយ ថៅកែស្រីហាងម៉ាស្សាលួចប្រព្រឹត្តសញ្ចាកម្មខាងលើនេះ មិនព្រមចុះហត្ថលេខានិងផ្តិតមេដាយទទួលស្គាល់កំហុសខ្លួនដែលបានប្រព្រឹត្តទេ ព្រោះកន្លងមកស្រ្តីខាងលើនេះធ្លាប់ជាប់ពាក់ព័ន្ធម្តងរួចមកហើយ ។
ជនរងគ្រោះត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ នាំទៅសាកសួរ ហើយប្រគល់ឲ្យអង្គការយកទៅណែនាំ ។ ដោយឡែកថៅកែស្រីហាងម៉ាស្សាកោសជប់លួចប្រព្រឹត្តសញ្ចារកម្ម ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ រីឯទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ៕