ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ចេញពីធ្វើការជាមួយមិត្តភក្តិ២នាក់ទៀត ទៅញុំាបបរស នៅផ្លូវកម្ពុជាក្រោម ពេលដើរត្រឡប់មកវិញ ក៏ស្រាប់តែក្រុមជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបស្ពាយបានសម្រេច ហើយគំរាមមិនឲ្យស្រែក និងប្រាប់ថា បើសិនជា អត់មានលុយ ពួកគេនឹងត្រឡប់មកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០ នាទីរំលងអាធាត្ រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៤៦ កែងផ្លូវ២២១ នៅចំណុចជិតភោជនីដ្ឋានប៉ាប៉ាយ៉ា ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ ប្រុស ស្រីមិ ភេទស្រី អាយុ២២ឆ្នាំ មុខរបរបម្រើការនៅភោជនីយដ្ឋាន
ប៉ាប៉ាយ៉ា ស្នាក់នៅផ្ទះជួលលេខ៧២ ផ្លូវ១៤៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក មានស្រុកកំណើតនៅឃុំធាតុ ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ ។ ចំណែកមិត្តភក្កិម្នាក់ទៀត មានឈ្មោះ រ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមេការនៅភោជនីដ្ឋានប៉ាប៉ាយ៉ា ស្នាក់នៅផ្ទះជួលជាមួយគ្នា និងមិត្តភក្កិម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណស្គាល់នៅជាមួយគ្នា ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនទើបតែចេញពីធ្វើការនៅភោជនីដ្ឋានប៉ាប៉ាយ៉ា រួចបបួលមិត្តភក្តិស្រីម្នាក់និងប្រុសម្នាក់ទៅញុំាបបរស នៅផ្លូវកម្ពុជាក្រោម លុះពេលញុំាបបររួចហើយ គោលបំណងត្រឡប់ទៅផ្ទះនៅទល់មុខហាងដែលថៅកែជួលឲ្យស្នាក់នៅ ខណៈពេលដើរជិតដល់ផ្ទះហើយ ក៏ស្រាប់តែលេចមុខក្រុមចោរ៣នាក់ ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកឃ្លីក ពណ៌ស មិនចាំស្លាកលេខ ជិះគ្នា២នាក់ និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មិនចាំស្លាកលេខ បានជិះមកជិត ហើយអ្នកអង្គុយពីក្រោយម៉ូតូឃ្លីក បានដកកាំភ្លើងខ្លីភ្ជង់ប្លន់យកកាបូបស្ពាយពីស្ត្រីរងគ្រោះ ហើយគំរាមថា បើហ៊ានតែស្រែក នឹងបាញ់សម្លាប់ចោល ហើយបើនៅក្នុងកាបូបអត់មានអី នឹងបកត្រឡប់មករកវិញ រួចជនសង្ស័យជិះចេញទៅបាត់ ភ្លាមៗនោះដែលជនរងគ្រោះក៏ស្រែកឲ្យគេជួយផ្អើលដល់សមត្ថកិច្ចចុះមកកន្លែងកើតហេតុដើម្បីសួរនាំ។
នៅក្នុងកាបូបរបស់ស្ត្រីរងគ្រោះដែលក្រុមជនសង្ស័យយកបាត់ នៅក្នុងកាបូបមានទូរស័ព្ទដៃ៣គ្រឿង iPhone 5 ២គ្រឿង ទូរស័ព្ទដៃ Nokia មួយគ្រឿង និងគ្រឿងអលង្កាចំនួន២ឈុត មានទាំងខ្សែក ចិញ្ចៀន ក្រវិល កងដៃ សរុបជាទឹកប្រាក់ទាំងអស់១លានរៀល និងលុយនៅក្នុងកាបូបមួយចំនួនទៀត អត់ចាំថាមានប៉ុន្មាន ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូ២ ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវរកជនសង្ស័យ ៕