ភ្នំពេញ ៖ លោកគ្រូបង្រៀនម្នាក់បានស្លាប់យ៉ាងអាណោចអាធម នៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក សង្ស័យករណីប្លន់យកម៉ូតូ បន្សល់ទុកកូនប្រុសស្រីតូចៗចំនួន៥នាក់ និងប្រពន្ធបានស្រែកទ្រហ៊ោយំសោកសង្រេង។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីស្រ្តីឈ្មោះ ប៊ួ ច័ន្ទថន មុខរបរលក់ដូរក្នុងសាលា ស្នាក់នៅក្នុងសាលា និងជាប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ណុប ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជានាយកស្ដីទីសាលាបឋមសិក្សាទួលគោក ស្នាក់នៅកន្លែងកើតហេតុខាងលើ ស្រុកកំណើតភូមិចេក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មុនពេលកើតហេតុតាំងពីម៉ោង១រំលងអាធ្រាត ជនរងគ្រោះបានចេញពីហូបចុកជាមិត្តភក្តិ រួចបានតេហៅគាត់ឲបើកទ្វារឲ្យគាត់ចូលក្នុង តែគាត់ (ប្រពន្ធ) ប្រាប់ថា មិនមានសោរទ្វាររបងសាលានោះទេ ដូច្នេះមិនបានចេញមកបើកទ្វារនោះទេ រួចគាត់បានបិទទូរស័ព្ទដេកវិញជាមួយកូនតូចទៅ។ លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើលនេះកើតឡើង ក៏ឃើញប្តីគាត់ស្លាប់នៅមុខសាលានេះតែម្តង៕