ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិសាលាក្រៅ ភូមិសំបូរ ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងពីដំណាំស្រូវរបស់ខ្លួន ដែលកំពុងតែទទួលរងការខូចខាតជាបណ្តើរៗ ដោយសារមានសត្វល្អិតស៊ីបំផ្លាញ ដូចជាខ្យងថៃ និងសត្វកណ្តុរ ជាដើម ។ បើទោះជាពួកគាត់ខិតខំប្រឹងប្រែងរកមធ្យោបាយគ្រប់បែបយ៉ាង ដូចជាដាក់ថ្នាំបំពុល និងបាញ់ថ្នាំកម្ចាត់សត្វល្អិតយ៉ាងណា ក៏នៅតែទប់មិនឈ្នះ ទើបធ្វើឱ្យមានការព្រួយបារម្ភបែបនេះតែម្តង ។
សូមបញ្ជាក់ដែរថា កាលពី១អាទិត្យមុន ក៏ធ្លាប់ឃើញមានអាជ្ញាធរខេត្ត ចុះទៅចែកថ្នាំកសិកម្មដើម្បីកម្ចាត់សត្វល្អិតទាំងនោះដែរ ហើយពួកគាត់បានប្រើប្រាស់អស់ ប៉ុន្តែនៅតែកើតមានសត្វចង្រៃមកបំផ្លាញកាន់តែច្រើនថែមទៀត ។
ប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ ស្រី អូន អាយុ៥៤ឆ្នាំ រស់នៅភូមិសាលាក្រៅ ឃុំសាលាក្រៅ បានរៀបរាប់ទាំងក្តីព្រួយបារម្ភថា គាត់មានដីស្រែចំនួន២ហិកតា ហើយក៏ព្រោះស្រូវប្រាំងដែលមានរយ:ពេលជាង៣ខែទាំងអស់ ។ បន្ទាប់ពីស្រូវដុះលូតលាស់ល្អនៅក្នុងស្រែរបស់ខ្លួន ស្រាប់តែមានសត្វខ្យងមួយប្រភេទ គេហៅថា ខ្យងថៃ បានចូលមកនៅពាសពេញស្រែរបស់គាត់ ដោយពងដាក់ដើមស្រូវ ហើយក៏ស៊ីបំផ្លាញស្រូវស្ទើរតែអស់ពីស្រែផងដែរ ។ លើសពីនេះ នៅត្រង់កន្លែងអត់សូវមានទឹក ត្រូវសត្វកណ្តុរទាំងហ្វូងចូលមកកាត់បំផ្លាញ បណ្តាលឱ្យខូចខាតថែមទៀត បើទោះបីជាពួកគាត់ម្នាក់ៗខិតខំប្រឹងប្រែងរកវិធីដាក់ថ្នាំបំពុល និងប្រើថ្នាំសត្វល្អិត ដើម្បីកម្ចាត់ក៏មិនពាយអស់ដែរ កាន់តែមានច្រើនឡើងៗ មិនដឹងជាធ្វើយ៉ាងណានោះទេ ។
ចំណែកប្រជាពលរដ្ឋដទៃទៀត ដែលមានដីស្រែនៅក្បែរនោះ បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ ពិតជាមានរឿងប្លែកខ្លាំងណាស់ ព្រោះលេចចេញសត្វល្អិតកើតឡើងកាន់តែច្រើនៗ តែកាលពីឆ្នាំមុនមិនធ្លាប់មានសត្វខ្យង ឬសត្វកណ្តុរច្រើនបែបនេះទេ ។ ពួកគាត់មិនដឹងជាគិតធ្វើយ៉ាងណានោះទេ ព្រោះរិះរកមធ្យោបាយគ្រប់បែបយ៉ាងហើយ នៅតែទប់មិនឈ្នះសត្វល្អិតទាំងនោះដដែល ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងថា ខាងមន្ទីរកសិកម្មខេត្ត បានចុះទៅចែកថ្នាំសម្លាប់សត្វល្អិត កាលពីសប្តាហ៍មុននេះរួចរាល់ហើយ ដោយបង្រៀនកសិករដែលមានបញ្ហាខាងលើ ឱ្យយកថ្នាំទៅដាក់នៅក្នុងស្រែរបស់ខ្លួន លុះសត្វខ្យង ឬកណ្តុរស៊ីនោះនឹងងាប់តែម្តង ៕