ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹង ខឹងប្រពន្ធប្រើទូរស័ព្ទដៃ ខ្លាចមានទំនាក់ទំនងជាមួយប្រុសថ្មីបង្កជាអំពើហិង្សាយកដែកគាស់ទៅវាយលើប្រពន្ធ បណ្តាលឲ្យរយះក្បាលរងរបួសធ្ងន់ បង្ក
ឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កឈ្មោះកែវ សុខា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ស្រ្តីជាប្រពន្ធរងគ្រោះមានឈ្មោះ ប៉ុក គឹមលី អាយុ៤៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាប្រពន្ធ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្តីបានទំនាក់ទំនងទូរស័ព្ទជាមួយគ្នា បានឈ្លោះប្រកែកគ្នារឿងឲ្យប្តីផ្ញើលុយឲ្ យតែប្តីមិនទាន់ផ្ញើ បន្ទាប់មកប្តីបានហាមកុំឲ្យប្រពន្ធប្រើទូរស័ព្ទ ក្រែងមានទំនាក់ទំនងជាមួយអ្នកផ្សេង ហើយប្រពន្ធបានតមាត់ថា ម៉េចអញប្រើផងម៉េច ពេលនោះប្តីរបស់គាត់បានបិទទូរស័ព្ទភ្លាម ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញប្តីខ្លួនមកដល់បន្ទប់ជួល ហើយបានឈ្លោះប្រកែកគ្នា និងបានប្រតាយប្រតប់គ្នាទៅវិញទៅមក ក៏ត្រូវប្តីទាញដែកគាស់វាយទៅលើប្រពន្ធចំក្បាល បណ្តាលឲ្យឈាមហូរស្រោចពេញខ្លួន ភ្លាមៗនោះត្រូវបានកូនៗរបស់គាត់ចាប់ឃាត់ផងដែរ។
បើតាមសម្តីរបស់ជនបង្កត្រូវជាប្តី បាននិយាយថា មុនពេលកើតហេតុរូបគាត់បានផឹកស្រាអស់ជាងមួយលីត្រ ហើយរូបគាត់ខឹងនឹងប្រពន្ធរបស់គាត់រឿងលុយកាក់រកមិនដែលសល់ ឲ្យតែគាត់សួរ ប្រពន្ធឆ្លើយថា មិនមានលុយសល់ទេ ។ គាត់បានបន្តទៀតថា កាលពីដើមឡើយ រូបគាត់ផឹកស្រាដែរ តែមិនដែលរករឿងនឹងប្រពន្ធកូនឡើយ ទើបតែពេលនោះខឹងរឿងលុយកាក់ ហើយខឹងប្រពន្ធទិញទូរស័ព្ទប្រើ ហើយគាត់មិនចង់ឲ្យប្រើទូរស័ព្ទទេ ខ្លាចប្រពន្ធទាក់ទងជាមួយប្រុសផ្សេង ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុសិ៍ចោមចៅ បានទៅទទួលពាក្យបណ្តឹដល់ផ្ទះ តែស្រ្តីជាប្រពន្ធមិនមានប្តឹងផ្តល់ទេ គ្រាន់តែឲ្យសមត្ថកិច្ចណែនាំអប់រំ កុំឲ្យប្រើអំពើហិង្សាទៀត និងសុំលែងលះគ្នា តែសមត្ថកិច្ចបានណែនាំអ្នកទាំង២ថា បើចង់លែងលះ សូមនាំគ្នាទៅសាលាសង្កាត់វិញ ៕