ភ្នំពេញ : សមត្ថកិច្ចកម្លាំងចំរុះគណ:បញ្ជាការឯកភាពសាលាខណ្ឌមានជ័យ ចុះរដ្ឋបាលក្នុងតំបន់ស្មុគស្មាញវាលខ្សាច់ផ្លូវ៦០ម៉ែត ដែលជាតំបន់សំណង់ផ្ទះមិនរៀបរយ និងកន្លែងលួចជក់និងប្រើប្រាស់គ្រឿងញៀន ហើយជនសង្ស័យបានរត់គេចខ្លួនបាត់អស់ បន្សល់តែឧបករណ៍ជក់និងថង់ផ្សេងទៀត កាលវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចសំណង់មិនរៀបរយ តាមផ្លូវ៦០ម៉ែត្រ ក្រុម៨ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
កម្លាំងចំរុះមានការដឹកនាំប្រតិបត្តិការចុះរដ្ឋបាលដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងចូលរួមដោយលោកហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ ផ្នែកព្រហ្មទណ្ឌ ដើម្បីចុះក្នុងតំបន់ស្មុគស្មាញជាប់ផ្លូវ៦០ម៉ែត្រ សំណង់មិនរៀបរយ ហើយពេលអាជ្ញាធរចុះមកដល់ ជនសង្ស័យពួនលួចសម្ងំជក់ប្រើប្រាស់ និងលក់គ្រឿងញៀនបានរត់គេចខ្លួនអស់ បន្សល់តែឧបករណ៍សម្រាប់ជក់ប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ ហើយឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុដកហូត ។
លោកអភិបាលរងខណ្ឌ បានបន្តថា ក្រោយពីចុះរដ្ឋបាលនេះ មិនបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ ឬជួញដូរថ្នាំញៀនទេ ដោយពួកទាំងអស់នោះបានរត់គេចខ្លួនអស់ហើយ គ្រាន់តែធ្វើកំណត់ហេតុដកហូតក្នុងបន្ទប់ជួលខ្ទមចំនួន៦ ហើយបន្ទប់ជួលមួយណាក៏សុទ្ធតែឧបករណ៍ប្រើប្រាស់គ្រឿងញៀនហើយ និងមានជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ហើយក៏បានសុំឆ្លងយោបល់លោកអភិបាលខណ្ឌ ដើម្បីរុះរើផ្ទះចេញទាំងអស់ដែលមានឧបករណ៍សម្រាប់ជក់គ្រឿងញៀន ហើយក្រោយមកសម្រេចថា រុះរើកុំអោយជនសង្ស័យលក់និងជក់គ្រឿងញៀនបន្តទៀត ៕