Wednesday, September 24, 2025
Homeព័ត៌មានជាតិឃ្លាំងធំប៉ុនណាណី មិនរៀបចំបណ្តាញលូបង្ហូរទឹកត្រឹមត្រូវ បែរជាបង្ហូរទឹកមកលើផ្លូវជាតិទៅវិញ

ឃ្លាំងធំប៉ុនណាណី មិនរៀបចំបណ្តាញលូបង្ហូរទឹកត្រឹមត្រូវ បែរជាបង្ហូរទឹកមកលើផ្លូវជាតិទៅវិញ

ភ្នំពេញ ៖ ឃ្លាំងជួលមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ មានចេតនាបំផ្លាញផ្លូវជាតិ ខណៈដែលសាងសង់ឃ្លាំងសម្រាប់ជួលក្នុងលក្ខណៈទ្រង់ទ្រាយធំ ក្នុងទំហំ១៩២០ម៉ែត្រការ៉េ សាបទីធ្លាពេញ បែរជាបង្ហូរទឹកមកលើផ្លូវជាតិទៅវិញ ។

តាមប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើបានឲ្យដឹងថា ក្នុងមូលដ្ឋានរបស់គាត់មានបណ្តាញលូ អមតាមបណ្តោយផ្លូវជាតិដែរ ថ្វីត្បិតមិនបានតាមស្តង់ដាក៏ពិតមែន តែវាអាចបង្ហូររំដោះទឹកបានពេលភ្លៀង ទឹកបង្ហូរចេញពីលំនៅដ្ឋាន តែតាំងពីឃ្លាំងមួយនេះ សាងសង់រួចមក ពលរដ្ឋជួបការលំបាកពេលភ្លៀងធ្លាក់មកម្តងៗ ដោយសារឃ្លាំងមួយនេះ សង់ឡើងបង្ហូរទឹកមកលើផ្លូវជាតិទៅវិញ ខណៈដែលបណ្តាញលូមានស្រាប់ហើយ មិនឲ្យទឹកហូរចូល ជាបញ្ហាមួយធ្វើឲ្យពេលភ្លៀង ទឹកហូរពាសវាលពាលកាល ដក់ទឹកនៅលើផ្លូវជាតិ ចិញ្ចើមផ្លូវបែកភក់ ប៉ះពាល់មកលើផ្លូវជាតិ ។

ពលរដ្ឋរអ៊ូរទាំថា ពេលមេឃភ្លៀងម្តងៗ ធ្វើឲ្យទឹកហូរហៀរ ចេញពីទីតាំងឃ្លាំងមកលើ ចូលលំនៅដ្ឋានរបស់ពួកគាត់ និងហូរមកលើផ្លូវជាតិ ដក់ទឹកក្លាយជាប្រឡាយ អាងស្តុកទឹកទៅហើយ ។

សំណង់ឃ្លាំងខាងលើត្រូវបានពលរដ្ឋរិះគន់ថា សង្ស័យតែសង់គ្មានច្បាប់ទម្លាប់ហើយ ទើបសង់បង្ហូរទឹកមកលើផ្លូវជាតិបែបនេះ ហើយអាជ្ញាធរក៏មិនបានដឹងថា តើពេលមេឃភ្លៀងធ្លាក់ម្តងៗ ត្រង់ចំណុចខាងលើ ពលរដ្ឋជួបការលំបាកម្តេចខ្លះ ដោយសារឃ្លាំងមួយនេះ តែបើសិនជាសាងសង់មានច្បាប់ត្រឹមត្រូវវិញនោះ គេគិតពីផលប៉ះពាល់ហើយ មិនដែលបង្ហូរទឹកមកលើផ្លូវជាតិ ជាបញ្ហាមួយផ្លូវ ងាយប្រឈមទៅនឹងបាក់ស្រុត ដោយសារទឹកដក់រហូត ៕

RELATED ARTICLES