កំពង់ឆ្នាំង៖ រថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿង អាយ៉ែរថយក្រោយ ជាន់ហ្វ្រាំងអត់ស៊ី ធ្លាក់ពីលើថ្នល់ចុះត្រាំទឹក នៅតាមបណ្ដោយផ្លូវលេខ52 ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងប្រហែល២និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
បើតាមអ្នកបើកបររថយន្ដបានប្រាប់ឲ្យដឹងថា លោកជាអ្នកដឹកទំនិញឲ្យក្រុមហ៊ុនសាប៊ូ VISO ម្ស៉ៅឡេ CLEAR និងម្ស៉ៅស៊ុបខ្នរ សាខាខេត្តកំពង់ឆ្នាំង ហើយលោកបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយកូរ៉េ ទ្រុងឃ្លុប ពណ៍ស ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-2054 បើកដឹកទំនិញយកឲ្យម៉ូយនៅផ្សារមាត់ទឹក និងអ្នកលក់ចាប់ហួយនៅផ្ទះបណ្ដែតទឹក ក្នុងឃុំឆ្នុកទ្រូ លុះមកដល់កន្លែងកើតហេតុ លោកក៏បើកត្រឡប់បត់ថយក្រោយ ដើម្បីឈប់រង់ចាំម៉ូយមកទទួលយកអីវ៉ាន់ តែពេលកំពុងអាយ៉ែររថយន្ដ ស្រាប់តែលោកដាច់ហ្វ្រាំងជាន់អត់ស៊ី ទើបបណ្ដាលឲ្យរថយន្ដធ្លាក់ថ្នល់ត្រាំទឹកបែបនេះ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។
ក្រោយពេលកើតហេតុអ្នកបើករថយន្តត្រូវប្រជាពលរដ្ឋនៅទីនោះជួយស្រង់យកមកលើគោកម្ចាស់រងរបួសស្រាល ចំណែករថយន្តត្រូវម្ចាស់មកស្ទូចយករថយន្ដទៅជួសជុលដោយខ្លួនឯងនៅល្ងាចថ្ងៃដដែល ដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕