ខេត្តប៉ៃលិន ៖ បុរសជាកម្មករចាំចម្ការឱ្យថៅកែម្នាក់ បានយកម៉ូតូកង់៣របស់ខ្លួន ទៅប៉ះនៅកន្លែងជាងផ្សារដែកមួយកន្លែង លុះជាងជួសជុលឱ្យរួចរាល់អស់ហើយ ស្រាប់តែមិនដឹងជាមូលហេតុអ្វីបានជាជនរងគ្រោះទៅចាប់ដែកសរសៃវែង១ដើម លើកឡើងលើ បណ្តាលឱ្យប៉ះចំខ្សែភ្លើង (កាប) ដែលតភ្ជាប់ចរន្ធអគ្គិសនីពីប្រទេសថៃ ចូលមកខេត្តប៉ៃលិន តាមច្រកទ្វារអន្តរជាតិព្រំ បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។
ហេតុការណ៍ខ្សែភ្លើងឆក់កម្មករចាំចម្ការតាង៉ែននេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអង់តែនទូរស័ព្ទ០១៦ ជាប់បណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ ឃុំស្ទឹងកាច់ បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប៉ាវ វ៉ាត ភេទប្រុស អាយុ៣៩ឆ្នាំ ជាកម្មករចាំចម្ការតាង៉ែន ឱ្យថៅកែម្នាក់ឈ្មោះ សុទ្ធ គន្ធថាល់ ទល់មុខនឹងកន្លែងកើតហេតុ មានប្រពន្ធឈ្មោះ សៀន សៀក អាយុ៣៦ឆ្នាំ ជាកម្មករ មានកូន៣នាក់ (បុ្រស២ ស្រី១) ស្នាក់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានយកម៉ូតូកង់៣របស់ខ្លួនទៅឱ្យជាងប៉ះនៅក្បែរកន្លែងកើតហេតុ លុះជាងជួសជុលរួចរាល់អស់ហើយ ស្រាប់តែនៅសុខៗ ជនរងគ្រោះដើរទៅទាញយកដែកសរសៃមូល១ដើម ដែលមានប្រវែងជាង៤ម៉ែត្រ លើកឡើងលើ បណ្តាលឱ្យប៉ះចំខ្សែភ្លើងអគ្គិសនី ដែលគេបានតភ្ជាប់ពីប្រទេសថៃ ចូលមកខេត្តប៉ៃលិន បណ្តាលឱ្យឆក់ចេញជាផ្កាភ្លើងយ៉ាងសន្ធោសន្ធៅ ហើយបណ្តាលឱ្យរងរបួសស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ តែសំណាងល្អដែលជាងប៉ះម៉ូតូឈរនៅឆ្ងាយពីជនរងគ្រោះបន្តិច កុំអីអាចនឹងគ្រោះថ្នាក់ទាំងពីរនាក់ផងដែរ ហើយអ្នកដែលឈរជុំគ្នានៅក្បែរៗនោះជាច្រើននាក់ ក៏នាំគ្នារត់គេចចេញដោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុ បន្ទាប់ពីនគរបាលធ្វើការត្រួតពិនិត្យរួច ក៏ប្រគល់សពបុរសរងគ្រោះឱ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា កាលពីប៉ុន្មានខែមុន ក៏មានករណីកម្មករស៊ីឈ្នួលគេ លើកដែកប៉ះចំខ្សែកាបឆក់ស្លាប់ផងដែរ នៅក្រុងប៉ៃលិន ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ននឹងខ្សែភ្លើង (កាប) ឬខ្សែភ្លើងផ្សេងៗ ដែលតភ្ជាប់ពីក្រុមហ៊ុនអគ្គិសនីប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួន និងតភ្ជាប់ទៅម៉ូទ័របូមទឹកប្រើប្រាស់ផងដែរ មិនត្រូវប្រហែសនោះឡើយ ព្រោះតែឆក់ភ្លាម បើភ្លើងខ្លាំង បណ្តាលឱ្យស្លាប់ភ្លាមៗ មិនអាចជួយសង្គ្រោះទាន់ពេលនោះឡើយ ៕