ភ្នំពេញ៖ រថយន្តធុនយក្សដឹកឈើរាប់សិបម៉ែត្រគូប ចំនួន៤គ្រឿង ត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងសង្កាត់បាក់ខែង នាំគ្នាធ្វើការឃាត់ ហើយថៅកែក្រុមហ៊ុនមកធ្វើកិច្ចសន្យាធ្វើផ្លូវសងវិញ ដោយពួកគាត់អះអាងថា ក្រុមហ៊ុននេះបានដឹកឈើបំផ្លាញផ្លូវបេតុង និងផ្លូវលំខូចខាតខ្ទេចខ្ទីអស់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្លូវមាត់ទន្លេ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
ប្រជាពលរដ្ឋនៅសង្កាត់បាក់ខែង អះអាងថា រថយន្តទាំង៤គ្រឿង ជារបស់ក្រុមហ៊ុន DTC Group ដែលមានលោកឧកញ៉ាអុឹង សុីតាតវីរៈ ប្រធាននាយកក្រុមហ៊ុន ដែលដឹកឈើរាប់សិបម៉ែត្រគូប លើសចំណុះទាំងយប់ទាំងថ្ងៃ បំផ្លាញផ្លូវខូចខាតខ្ទេចខ្ទីអស់ ជាយូរខែមកហើយ ។
រថយន្តដែលអាជ្ញាធរឃាត់នោះ ទី១. ពាក់ស្លាកលេខតាកែវ 3A-1399 ទី២. ពាក់សស្លាកលេខស្វាយរៀង 3A-1056 ទី៣. ពាក់ស្លាកលេខកំពង់ចាម 3A-3833 និងទី៤ ពាក់ស្លាកលេខកំពង់ចាម 3A- 3148 ដោយរថយន្តទាំង៤គ្រឿងនេះ ពួកគេនិយាយថា បានដឹកឈើលើសទំងន់បំផ្លាញផ្លូវបេតុងខូចខាតអស់ជាង១០០០ម៉ែត្រ នៅចំណុចក្បែរកន្លែងឃាត់រថយន្តខាងលើ។
លោក មាស ម៉ារី ចៅសង្កាត់បាក់ខែង បានឱ្យដឹងថា ក្រុមហ៊ុន DTC Group នេះ បានដឹកឈើ ពីក្រុមហ៊ុន វី អេនើជី ឡូជីស្ទីក នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មកដាក់នៅឃ្លាំងក្នុងដីឡូតិ៍មួយកន្លែងរបស់ក្រុមDTC Group ដែលមានទីតាំងនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
លោកចៅសង្កាត់បន្តថា ដោយសារតែក្រុមហ៊ុននេះយករថយន្តធុនយក្សដឹកឈើលើសចំណុះ ហើយបានបំផ្លាញផ្លូវខូចខាតអស់មួយចំនួន ទើបពួកគាត់ឃាត់ ហើយឱ្យម្ចាស់ក្រុមហ៊ុនធ្វើកិច្ចសន្យាធ្វើផ្លូវសងវិញ ចំពោះផ្លូវដែលខូចរួចហើយ ចំណែកទៅថ្ងៃមុខ ក៏ត្រូវធ្វើកិច្ចសន្យាដែរ បើខូចបន្ថែមទៀត ត្រូវធ្វើសងវិញដូចគ្នា ។
នាយសង្កាត់រដ្ឋបាលព្រៃឈើឫស្សីកែវ លោកសុខ ធឿន ឲ្យដឹងថា ឈើហ្នឹងដឹកចេញពីស្រុកស្នួល យកមកស្តុបទីតាំងឃ្លាំងមួយកន្លែង នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដោយឈើទាំងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីរដ្ឋបាលព្រៃឈើស្រុកឆ្លូង ខេត្តក្រចេះ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ឈើនេះគីជាឈើរបស់បងបង្កើតរបស់អភិបាលរងរាជធានីភ្នំពេញ និងដឹកបន្តទៅសាងសង់លំនៅដ្ឋាននៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ៕