ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន នៅផ្លូវបំបែកជាបួន បានជ្រុលទៅបុក
ម៉ូតូមួយគ្រឿងទៀត ដែលជិះដោយនារីម្នាក់ពេញទំហឹង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់និងស្រាល២នាក់ ហេតុការណ៍នេះបានកើតឡើងនៅ១០និង១០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ជិតសាលារៀនទួនហ្វា ផ្លូវ១៧៣ កែងនិងផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារី ម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1B-5835 បានធ្វើដំណើរតាមផ្លូវ១៧៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដែរជាផ្លូវបំបែកបួន ក៍ស្រាប់តែបុរស២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FB-8420 បានធ្វើដំណើរតាមផ្លូវ៣១០ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ព្រមទាំងខ្វះការប្រុងប្រយ័ត្នផងនោះ បានជ្រុលទៅបុកម៉ូតូដែលជិះដោយនារីម្នាក់ ចំពាក់កណ្តាលពេញ បណ្តាលឲ្យនារីរូបនោះរងរបួសធ្ងន់បាក់ថ្គាម ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លីនិកសុខលាភ មេត្រី ចំណែកម៉ូតូរងការខូចខាត ដាច់់បំពង់ស៊ីមាំង ។
ប្រភពដដែលបានបន្តទៀតថា ខាងម៉ូតូបង្កនៅពេលដែលបុកម៉ូតូនារីគ្រោះរួចហើយ ម៉ូតូមិនទាន់អស់ល្បឿន បានជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត វៀចអស់មួយប្រលោះ និងធ្វើឲ្យអ្នកជិះម៉ូតូទាំងពីរនាក់រងរបួសរលាត់ដៃរលាត់ជើងដាច់មុខដាច់មាត់ ហើយភ្លាមៗនោះ អ្នកទាំងពីរបានទាញ់ម៉ូតូបម្រុងជិះរត់គេចខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ធដេញឃាត់ខ្លួនបានមកវិញ ។
ក្រោយពេលកើតហេតុម៉ូតូទាំងពីរគ្រឿង ព្រមទាំងអ្នកបើកម៉ូតូបង្ក ត្រូវបានសមត្ថកិច្ច
ជំនាញ់បានមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ធានខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕